ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ បានដឹកនាំប្រតិភូ ទទួលស្វាគមន៍ លោក វរសេនីយ៍ឯក ត្រឹន វ៉ាន់តឹម ប្រធានការិយាល័យអនុព័ន្ធការពារប្រទេសវៀតណាម ប្រចាំកម្ពុជា អញ្ជើញសួរសុខទុក្ខ និងពិភាក្សាការងារ ដែលដឹកនាំដោយ លោក ឧត្ដមសេនីយ៍ឯក ខៀវ សាផាត អគ្គលេខាធិការរង នាយករងនាយកដ្ឋានបុគ្គលិក ជាប្រធានប្រតិភូ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ។
នាឱកាសនោះ លោក ឧត្ដមសេនីយ៍ឯក យឿង សុខុន បានថ្លែងនូវការស្វាគមន៍ និងទទួលរាក់ទាក់ប្រកបដោយមនោសញ្ចេតនា ក្នុងនាមកងទ័ពនៃប្រទេសជាមិត្តជិតខាង សំដៅធ្វើឲ្យមាននូវប្រសិទ្ធភាពថែមទៀត ក្នុងការពង្រីក និងពង្រឹងកិច្ចទំនាក់ទំនងល្អ សហប្រតិបត្តិការលើគ្រប់វិស័យ ថែមទាំងបានបញ្ជូនសិក្ខាកាមបំពេញកម្មសិក្សាហ្វឹកហ្វឺនរៀនសូត្រ ដើម្បីបង្កើនធនធានមនុស្ស។ ជាមួយនោះកិច្ចសហការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញការបានសហការណ៏គ្នាល្អ និងការឧបត្ថមជួយគ្នាទៅវិញទៅមក ដេីម្បីកសាងអង្គភាព ទទួលបានផ្លែផ្កាត្រចះត្រចង់ ក្នុងពេលបច្ចុប្បន្ន និងពេលទៅអនាគត ។
លោក វរសេនីយ៍ឯក ត្រឹន វ៉ាន់តឹម ប្រធានការិយាល័យអនុព័ន្ធការពារប្រទេសវៀតណាមប្រចាំកម្ពុជាបាន ថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ ដែលបានជួយគាំទ្រឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួល ដល់ក្រុម បច្ចេកទេសជំនាញ ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមកន្លងមក និងបានទទួលស្តាប់នូវមតិមួយចំនួន និងលើកសរសើរដល់សិក្ខាកាម ដែលបញ្ជប់ការសិក្សាពីប្រទេសវៀតណាមមកធ្វើការនៅអង្គភាពវិញ ប្រកបដោយ ចំណេះដឹង ជំនាញ មានឆន្ទៈក្នុងការបំពេញភារកិច្ចបានល្អប្រសើរ ៕
ដោយ : សហការី