ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, ជាមហាកិត្តិយសរបស់ទូលព្រះបង្គំ ខ្ញុំ និងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ចំពោះការផ្តល់ឱកាស សេចក្តីទុកចិត្ត និងការអនុញាតិ ពីម្ចាស់មីង សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ក្នុងការចូលរួមរៀបចំព្រះរាជកម្មវិធី «១០០ ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់យើងខ្ញុំ ក៏ដូចជាសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
លោក ហ៊ុន ម៉ានី បានថ្លែងលើកឡើងថា, ខ្ញុំសូមឆ្លៀតឱកាសនេះជម្រាបថា មូលនិធិមុទិតា និង ស.ស.យ.ក. បានចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិនានា ដើម្បីសហការរៀបចំ ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ក្រោមព្រះរាជាធិបតីដ៏ខ្ពស់ខ្ពស់ជាទីបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅសាលមហោស្រព ចតុម្មុខមង្គល វេលាម៉ោង០៥ និង៣០នាទី រសៀល ដែលត្រូវជាខួបគម្រប់ ១០០ព្រះវស្សានៃទិវាប្រសូតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ៕
ដោយ : សិលា