ខេត្តកំពង់ធំ ៖ លោក លី វេត អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានថ្លែង នៅក្នុងពិធីទិវាមនុស្សចាស់នៅកម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិកម្ពុជា ប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាស្រុកប្រាសាទបល្ល័ង្ក ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២។
ការថ្លែងបែបនេះក្នុងលោក លី វេត សម្រាប់ ពិធីទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ក្រោមប្រធានបទ គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្ត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យ ក្នុងសង្គមជាតិនៅកម្ពុជា ។
នាឱកាសនេះដែរលោក បានបញ្ជាក់បន្ថែមទៀតថា «ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលានេះ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណង លើកកម្ពស់កិច្ចគាំពារមនុស្សចាស់ សំដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ឲ្យបានល្អប្រសើរ និងបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ក្នុងសង្គមជាតិផងដែរ»។
លោកបន្ថែមថា មិនត្រឹមតែជួយលើកស្ទួយពីសុខុមាលភាពរបស់មនុស្សចាស់ឲ្យមានភាពកាន់តែប្រសើរតែប៉ុណ្ណោះទេ តែក៏ត្រូវរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយជាតិ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភបាល។ ជាមួយគ្នានោះ ក្រសួងបាននិងកំពុង បង្កើត មជ្ឈមណ្ឌលជាតិគាំពារមនុស្សចាស់ និងមណ្ឌលបណ្ដុះបណ្ដាលអ្នកថែទាំមនុស្សចាស់រាជធានីភ្នំពេញ សំដៅដល់ការមើលថែមនុស្សចាស់ដែលគ្មានទីពឹងឲ្យបានល្អប្រសើរ និងមានភាពកក់ក្ដៅក្នុងជីវិតរស់នៅផងដែរ។
ទន្ទឹមនឹងនោះ ផ្ដល់ការលើកទឹកចិត្ត ដល់អង្គការដៃគូដែលបាន និងកំពុងអនុវត្តគម្រោងលើកស្ទួយ ចំពោះសុខុមាលភាព និងសកម្មភាព របស់មនុស្សចាស់នៅតាមសហគមន៍ ឲ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។ ជាក់ស្ដែងបានសហការជាមួយអង្គការជួយជនចាស់ជរាអន្តរជាតិកម្ពុជាបង្កើតកម្មវិធីថែទាំងមនុស្សវ័យចាស់តាមលំនៅដ្ឋាន។
ស្ថិតក្នុងសភាពការណ៍នេះលោក លី វេត បានផ្ដល់នូវអនុសាសន៍ សំខាន់ៗ ដោយមានអត្ថន័យ និងខ្លឹមសារ មានដូចតទៅ៖
១. បន្តរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តជាតិ ១តុលា តុលាជារៀងរាល់ឆ្នាំ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
២. បន្តផ្សាព្វផ្សាយគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ឲ្យបានទូលំទូលាយ។
៣. ត្រូវរៀបចំផែនការសកម្មភាព ផ្ដោតលើចក្ខុវិស័យវែងឆ្ងាយពិសេស ត្រូវឱ្យបន្ស៊ីជាមួយផែនការ និងគោលនយោបាយផ្សេងៗរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។
៤. ជំរុញរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីជំនួយសង្គមសម្រាប់មនុស្សវ័យចាស់ក្រីក្រគ្មានទីពឹង ដែលជាសេវាមួយផ្ដល់អត្ថប្រយោជន៍ ក្នុងការគាំពារ និងឧបត្ថម្ភដល់ជីវភាពរបស់មនុស្សចាស់។
៥. ជំរុញការផ្ដល់ការលើកទឹកចិត្តដល់អង្គការដៃគូពាក់ព័ន្ធ ជាពិសេសអង្គការ ជួយជនចាស់ជរាអន្តរជាតិកម្ពុជា បន្តអនុវត្តគម្រោងមួយចំនួនក្នុងទិសដៅលើកស្ទួយសុខុមាលភាព និងសកម្មភាព របស់មនុស្សចាស់នៅតាមសហគមន៍ផងដែរ។
លោកក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់សហគមន៍ជាតិ-អន្តរជាតិ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមផ្ដោតការយកចិត្តទុកដាក់ ឲ្យកាន់តែខ្លាំងថែមមួយកំរិតទៀត លើការថែទាំមនុស្សចាស់ ដោយរៀបចំឲ្យទៅជាប្រព័ន្ធគ្រប់គ្រងចាត់ចែង ដើម្បីអាចធានាបានថាមនុស្សចាស់ មានភាពកក់ក្ដៅលើប្រព័ន្ធសេវាសង្គម ៕
ដោយ៖កែវមន្នី