ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​២នាក់​ទៅសាលាដំបូងខេត្ត​ចាត់ការតាមនីតិវិធី ​(មានវីដេអូ)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែតុលា​ ឆ្នាំ​២០២២​នេះ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត ។

  លោក យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័​ណ​ បានឱ្យដឹងថា៖​ នៅវេលាម៉ោង០១និង៥០នាទីយប់ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីលួចម៉ូតូ នៅចំណុចភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ​ ចាន់ធី វិសា ហៅ​ បឹប ភេទប្រុស អាយុ ១៧ឆ្នាំ, ២-ឈ្មោះ​ កែវ ចាន់ជូ​ ហៅ​ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ បាននាំគ្នាធ្វើសកម្មភាពលួចយកម៉ូតូម៉ាក ហុងដាZoomer x ពណ៌ខ្មៅ លាយក្រហម ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ​ 1A​ 6872 ចំនួន០១គ្រឿង របស់ឈ្មោះ​ ម៉ៅ រក្សា ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់ នៅបន្ទប់ជួល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ បន្ទាប់ពីបានធ្វើសកម្មភាពលួចបានសម្រេច ក្រុមជនសង្ស័យទាំង០២នាក់នេះ បានជិះម៉ូតូគេចខ្លួនទៅក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង០៨យប់ថ្ងៃទី២១ ខែតុលា បានចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត តែត្រូវបានម្ចាស់គេតាមទាន់ ទើបជនសង្ស័យទាំងពីររត់ចោលម៉ូតូខាងលើ។ លុះដល់វេលាម៉ោង១០យប់ ថ្ងៃខែឆ្នាំ ដដែល ជនសង្ស័យទាំង០២នាក់ បានបន្តធ្វើសកម្មភាពលួចម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1W-8683 ចំនួន០១គ្រឿង របស់ជនរងគ្រោះឈ្មោះ​ ហម សំណាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ដោយពួកគេបានយកជើងធាក់ករម៉ូតូរួច ជិះធ្វើដំណើរមកក្រុងសិរីសោភ័ណ ក៏ត្រូវបានសមត្ថកិច្ចក្រុងសិរីសោភ័ណឃាត់ខ្លួនតែម្តង ។ 

លោក យ៉ាន់​ សុវណ្ណ​ បានបញ្ជាក់ថា​ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើកម្លាំងអាវុធហត្ថ​ ដកហូតវត្ថុតាងម៉ូតូ២គ្រឿង​ ១.ម៉ូតូម៉ាកហុងដា​ Zoomer x ពណ៌ខ្មៅ លាយក្រហម ផលិតឆ្នាំ២០១៨​ ពាក់ស្លាកលេខ​ 1A​ 6872​។ ២-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខបន្ទាយមានជ័យ​ 1W 8683 ចំនួន០១គ្រឿង។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា៖យោងតាមបណ្តឹងរបស់ជនរងគ្រោះនិង ចម្លើយ​សារភាពរបស់ ជនសង្ស័យទាំង២នាក់ព្រមទាំងដកហូតបានវត្ថុតាង​ជាក់ស្តែង ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ចាត់ការតាមនីតិវិធី ។​ចំណែកវត្ថុតាងម៉ូតូ​ ត្រូវបានកម្លាំងអាវុធហត្ថប្រគល់ជូនម្ចាស់ដើមវិញហើយ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖