ខេត្តកំពង់ឆ្នាំង ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់កម្លាំងប្រដាប់អាវុធនិង អ្នកគាំទ្រគណបក្សប្រជាជនក៏ដូចជាអ្នកដែលប្រឆាំងទៅនឹងបុគ្គល សម រង្ស៊ី ត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ដែលបង្កឡើងដោយទណ្ឌិតរូបនេះ។
ថ្លែងនៅក្នុងជំនួបមួយនិងពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ៣ពាន់នាក់ នៅខេត្តកំពង់ឆ្នាំងព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយការពាររាជានិយម ការពារព្រះមហាក្សត្រ រាជបាល័ង្គ និងសេចក្ដីសុខរបស់ប្រជាជាតិខ្មែរដោយអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យត្រៀមខ្លួន សម្រាប់សភាពការណ៍ណាមួយដែលបង្កដោយ សម រង្ស៊ី ដែលអាចកើតមានឡើង។
សម្ដេចតេជោ ហ៊ុនសែន បានថ្លែងថា៖ «ខ្ញុំអំពាវនាវឲ្យកម្លាំងប្រដៅមុនទាំងអស់ប្រុងប្រៀបជាមួយនឹងសភាពការណ៍ទាំងឡាយដែលអាចកើត។ ហើយអំពាវនាវទៅដល់អ្នកគាំទ្រគណបក្សប្រជាជននិងគណបក្សដទៃដែលប្រឆាំងទៅនឹងបុគ្គលរូបនេះ ត្រៀមខ្លួនដើម្បីចូលរួមសកម្មភាពការពាររបបរាជានិយមការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្ររបស់យើង»។
ប្រតិកម្មខ្លាំងៗរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន គឺបន្ទាប់ពី សម រង្ស៊ី ដែលធ្លាប់ជាប្រធានបក្ស សម រង្ស៉ី មុនប្រែក្លាយជាបក្សភ្លើងទៀន បាននិយាយកាលពីពេលថ្មីៗនេះដោយប្រមាថព្រះមហាក្សត្រថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» រួមទាំងបានចោទមកលើព្រះមហាក្សត្រថា បានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។ ការប្រមាថបែបនេះបង្កឲ្យមានប្រតិកម្មថ្កោលទោសពីសំណាក់រាជរដ្ឋាភិបាលនិងគ្រប់ក្រសួងស្ថាប័ននានាផងដែរ។
សូមបញ្ជាក់ថា, នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រខ្មែរ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរទូទាំងនគរ ដោយជនក្បត់ជាតិ សម រង្ស៉ី ចោទប្រកាន់ថា «ព្រះមហាក្សត្រជាជនក្បត់ជាតិ»។
ជនក្បត់ជាតិ៣ជំនាន់រូបនេះបានហៅព្រះនាមព្រះមហាក្សត្រជាទីគោរពសក្ការៈ ចំៗឈ្មោះយ៉ាងដាច់សាច់ និងបាននិយាយពេញៗមាត់ថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច, បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ»។ ទណ្ឌិតក្បត់ជាតិរូបនេះថែមទាំងបាន ចោទប្រកាន់ព្រះមហាក្សត្រថាជាជនក្បត់ជាតិ។
ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិ រូបនេះទៅលើព្រះមហាក្សត្រ។
យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសយ៉ាងដាច់អហង្កការជាទីបំផុតចំពោះជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។
ការប្រមាថដោយចោទប្រកាន់ អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិគឺជាការប្រមាថដ៏ធ្ងន់ធ្ងរជាទីបំផុតដែលមិនអាចអត់អោនឱ្យបានជាដាច់ខាត។
យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ៣ជំនាន់និង រត់ចោលស្រុករូបនេះ ព្រមទាំងបក្សពួកដែល បានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើក លែងបានឡើយ។
យើងខ្ញុំជាប្រជារាស្រ្តខ្មែរ សូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជានិច្ចពីព្រោះព្រះអង្គ គឺជាឥស្សរជន ស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំដែលជាប្រជានុរាស្រ្តខ្មែរ។
យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែល ប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនយោបាយជ្រុល និយមរបស់ជនក្បត់ជាតិបីជំនាន់ឲ្យអស់ពីកម្ពុជាដើម្បីរក្សា សន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕
ដោយ : សិលា