ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២នេះ ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានប្រារព្ធទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ “រៀនវិជ្ជាសង្គ្រោះបឋមពេញមួយជីវិត” ដោយបានការអញ្ជេីញចូលរួមជាអធិបតីភាពពីលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាង លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា ។ កម្មវិធីនេះមានការអញ្ជេីញចូលរួមពីលោក លោកស្រីជាមន្ត្រីប្រតិបត្តិសាខា អនុសាខា ប្រជាការពារ អ្នកស្មគ្រ័ចិត្ត និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន១២០នាក់ ។
ជាកិច្ចចាប់ផ្តេីម លោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព បានឡេីងមានមតិស្វាគមន៍ និងជម្រាបពីការប្រារព្ធទិវាពិភពលោកសង្គ្រោះបឋមនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ជ្ឈមណ្ឌលជំនួយសង្គ្រោះបឋម សហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលនៅឆ្នាំ២០២២នេះ យើងកំពុងដាក់ចេញនូវសារៈសំខាន់នៃការរៀនវិជ្ជាសង្រ្គោះបឋមពេញមួយជីវិត មិនថាអាយុប៉ុន្មានទេ ការមានជំនាញ និងចំណេះដឹងវិជ្ជាសង្រ្គោះបឋមជួយបង្កើតសហគមន៍ឱ្យមានសុវត្ថិភាព និងមានសុខភាពល្អ ។ កុមារ មនុស្សពេញវ័យ ឬមនុស្សចាស់ គួរតែអាចទទួលបានការបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមប្រកបដោយគុណភាព ។
តមកក្រុមប្រជាការពារ អ្នកស្មគ្រ័ចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានឡេីងសម្តែងនិងបង្ហាញពីរបៀបជួយសង្គ្រោះបឋមជូនដល់អង្គពិធីដូចជា បាក់ឆ្អឹង ស្លាក់ ការធ្វេីចលនាដង្ហេីម និងបេះដូង ។ ល។
មានមតិនាឱកាសបិទកម្មវិធី ក្នុងនាម លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវសេចក្តីផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលប្រកបដោយសេចក្តីនឹករលឹក ។ លោកបានគូសបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានបណ្តុះបណ្តាលមនុស្សជាង២៣លាននាក់ ក្នុងនោះមានទាំងកាកបាទក្រហមកម្ពុជាយេីងផងដែរ ដើម្បីជួយសង្គ្រោះជីវិតតាមរយៈវិជ្ជាសង្រ្គោះបឋម ហេីយការសង្រ្គោះបឋមគឺជាផ្នែកសំខាន់មួយនៃវិធីសាស្រ្តអភិវឌ្ឍន៍ដ៏ទូលំទូលាយនៅក្នុងក្របខ័ណ្ឌនៃគោលបំណងរបស់ IFRC និងយុទ្ធសាស្រ្តសកល២០៣០ ដែលមានគោលបំណងកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ ចំនួនអ្នកស្លាប់ អ្នកជំងឺ និងការបង្កើនសមត្ថភាពរបស់សហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ។ ជារៀងរាល់ឆ្នាំ ទិវាពិភពលោកសង្រ្គោះបឋម (WFAD) លើកកម្ពស់លទ្ធភាពទទួលបានចំណេះដឹងអំពីវិជ្ជាសង្រ្គោះបឋម និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃវិជ្ជាសង្រ្គោះបឋម ហេីយទិវាពិភពលោកសង្រ្គោះបឋម ក៏ផ្តល់ឱកាសមួយសម្រាប់សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងអង្គការផ្សេងទៀតដើម្បីបង្ហាញពីតួនាទីសំខាន់របស់ពួកគេក្នុងការផ្តល់នូវការបណ្តុះបណ្តាល និងជំនាញសង្រ្គោះបឋមដែលមានគុណភាពខ្ពស់ដើម្បីជួយសង្គ្រោះជីវិតជុំវិញពិភពលោក ៕
ដោយ : សហការី