ព័ត៌មានទាន់ហេតុការណ៍៖

សៀងហៃក្លាយជាទីក្រុងដំបូងបង្អស់របស់ចិនដែលប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ហឺតតាមមាត់

ចែករំលែក៖

ទីក្រុងសៀងហៃ ប្រទេសចិន បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង បង្ការកូវីដ-១៩ ដែលជាប្រភេទហឺតតាមមាត់(ឬបាញ់ចូលតាមមាត់) នៅថ្ងៃទី២៦ខែតុលា ។ នេះគឺជាទីក្រុងដំបូងគេបង្អស់នៅលើពិភពលោក ដែលបានប្រើប្រាស់វ៉ាក់សាំងប្រភេទនេះ។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២បានផ្សាយថា វ៉ាក់សាំងនោះដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនឱសថចិន CanSino គឺមានទម្រង់ជាចំហាយទឹកដែលបឺតស្រូបចូលទៅក្នុងខ្លួនតាមមាត់។
តាមសេចក្តីប្រកាសនៅលើគណនីផ្លូវការមួយរបស់ទីក្រុងសៀងហៃ គឺវាកំពុងត្រូវផ្តល់ឱ្យដោយមិនគិតថ្លៃឡើយ ដើម្បីធ្វើជាវ៉ាក់សាំងដូសជំរុញសម្រាប់អ្នកដែលធ្លាប់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពីមុនមក។ ប្រជាជនសៀងហៃដែលបានទៅទទួលវ៉ាក់សាំងបានបង្ហាញចំណាប់អារម្មណ៍ថា វាប្រៀបដូចជាការផឹកតែទឹកដោះគោយ៉ាងដូច្នោះដែរ។
វ៉ាក់សាំងកូវីដ-១៩ ប្រភេទនេះ ប្រហែលអាចជំរុញឱ្យអ្នកដែលមិនចង់ទៅចាក់វ៉ាក់សាំង ព្រោះតែមិនចូលចិត្តម្ជុលនោះអាចពិចារណាឡើងវិញ ហើយក៏ថែមទាំងអាចជួយពង្រីកការចាក់វ៉ាក់សាំងនៅតាមប្រទេសអន់ខ្សោយផងដែរ ដោយសារតែវាងាយស្រួលក្នុងការប្រើ។
មួយវិញទៀតបើតាមក្រុមអ្នកជំនាញបានបញ្ជាក់ថា វ៉ាក់សាំងដែលស្រូបចូលតាមមាត់យ៉ាងដូច្នេះ ក៏ប្រហែលអាចជួយទប់ស្កាត់វីរុស មុនពេលវារីករាលដាលពាសពេញ ប្រព័ន្ធដង្ហើមរបស់យើងផងដែរ។ ក្រុមនិយតករសុខាភិបាលចិនបានផ្តល់ការអនុម័តចំពោះវ៉ាក់សាំងខាងលើ សម្រាប់ប្រើជាដូសជំរុញ កាលពីខែកញ្ញាកន្លងទៅ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ CCTV

រូប​ថត​ ៖ AP


ចែករំលែក៖