ភ្នំពេញ ៖ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុត និង ប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ ថា «ក្បត់ជាតិ» និង «គ្មានមនសិការស្នេហាជាតិ»។
ការប្រើប្រាស់សម្ដីអសុរសមកលើអង្គព្រះមហាក្សត្រ ដែលជាស្ថាប័នកំពូលរបស់ជាតិ ពីសំណាក់ទណ្ឌិត សម រង្ស៊ី បានបង្ហាញឱ្យឃើញអំពីសារជាតិ ជាជនក្បត់ជាតិ ៣ជំនាន់ ដែលហ៊ានពោលពាក្យប្រមាថយ៉ាងគឃ្លីន ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ដែលកំពុងគង់ ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរ គ្រប់មជ្ឈដ្ឋាន និងកំពុងបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមជាទីបំផុត ក្នុង ឋានៈទ្រង់ ជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា និងជានិមិត្តរូប នៃឯកភាពជាតិ និងបូរណភាពទឹកដី នៃមាតុភូមិ កម្ពុជា ហើយក៏ជាការបំពានយ៉ាងធ្ងន់ធ្ងរលើ មាត្រា៧ នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ដែលនេះ គឺជា សារជាតិដ៏ពិសពុល ប្រកបដោយភាពទុច្ចរិតរបស់ជនក្បត់ជាតិ ៣ ជំនាន់ ដែលមិនអាចលើកលែងបានឡើយ។ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការច្បាប់ចំពោះការប្រព្រឹត្តល្មើសរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថលើអង្គព្រះមហាក្សត្រ ឱ្យបានម៉ឺងម៉ាត់ និងធ្ងន់ធ្ងរជាទីបំផុត ព្រោះ ទង្វើនេះពិតជាមិនអាចអត់ឱន និងទទួលយកបានឡើយ ពីសំណាក់យើងខ្ញុំទាំងអស់គ្នា និងប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន។ ជាថ្មីម្តងទៀត! យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងគូកន និងសូមយកឱកាសនេះប្តេជ្ញាបន្តគោរពដង្ហែតាម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ ៕
ដោយ : សិលា