ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ ក្នុងនាមអនុប្រធានក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួល ផ្ដាំផ្ញើរដល់ក្រុមកីឡាករអុំទូកឌីសែនជ័យបារមីស្រុករំដួល ដែលជា របស់សាលាស្រុករំដួលមុនពេលប្រកួត មកដល់ ត្រូវខិតខំហ្វឹកហាត់ជាប្រចាំ រក្សាសណ្ដាប់ធ្នាប់ គោរពបទបញ្ជាគណៈកម្មការរៀបចំការប្រកួត ត្រូវមានវិន័យនិងសីលធម៌ល្អ។
ការផ្ដាំផ្ញើរបែបនេះធ្វើឡើងនារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូក ដែលមានឈ្មោះថា ឌីសែនជ័យបារមីស្រុករំដួល ជាទូករបស់សាលាស្រុករំដួល។
ជាមួយគ្នានេះដែរ លោក បានបន្ថែមថាសូម ក្រុមកីឡាករទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ពិសេសត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ហើយអ្វីដែលសំខាន់គឺការគោរពវិន័យ ដើម្បីទទួលបាននូវភាពជោគជ័យ និងនាំជ័យជម្នះនេះជូនសាលាស្រុករំដួល នាថ្ងៃខាងមុខនេះ។
ក្នុងឱកាសនោះក្នុងនាមក្រុមកីឡាករអុំទូក ដែលមានឈ្មោះថា ឌីសែនជ័យបារមីស្រុករំដួលសូមថ្លែងអំណរគុណយ៉ាងពន្លឹក ចំពោះលោក រស់ ផារិទ្ធ អនុប្រធានក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួលដែលបាន យកចិត្តទុកដាក់ចុះជួបសំណេះសំណាលដោយផ្ទាល់ ជាពិសេសបានជួយទំនុកបម្រុងគ្រប់យ៉ាងដល់ក្រុមកីឡាករ ផងដែរ។
បន្ទាប់មក លោក រស់ផារិទ្ធ ក៏បានផ្ដល់ ថវិកា ៨០ម៉ឺនរៀល មី ៥កេស ទឹកបរិសុទ្ធ ៥កេស អាវយឺត ៥០ មួក៥០និងក្រមា ២៥ ដល់សាលាស្រុករំដួលសម្រាប់ចាត់ចែងដល់បងប្អូនក្រុមកីឡាករផងដែរ ៕
ដោយ៖ សុថាន