ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា, ពិព័រណ៍ការងារ និងផលិតភាពជាតិ ២០២២ ដែលជាព្រឹត្ដិការណ៍ដ៏ធំប្រចាំឆ្នាំបានបើកជាផ្លូវការ ដោយមានការចូលរួមពីក្រុមហ៊ុនចំនួន ១៥០ក្រុមហ៊ុនដែលបានដាក់តាំងបង្ហាញ និងមានតម្រូវការបុគ្គលិកចំនួន ២០០០០កន្លែង។
សូមបញ្ជាក់ថា, ព្រឹត្តិការណ៍នេះបានផ្តល់ជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មានទីផ្សារការងារ និងក្លាយជាវេទិកានាំយុវជន យុវសិស្ស និងយុវនិស្សិត ឱ្យមកទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពីអ្នកជំនាញ អ្នកស្រាវជ្រាវ ធុរជន និងក្រុមហ៊ុននានា ដើម្បីរៀបចំខ្លួន និងកំណត់ គោលដៅជីវិតការងារ ឱ្យបានសមស្រប ជាមួយសភាពការណ៍ប្រែប្រួលនៃ ទីផ្សារការងារ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
សូមជម្រាបជូនថា ស.ស.យ.ក បានចូលរួមសហការរៀបចំព្រឹត្ដិការណ៍នេះ និងបំផុសចលនាផ្សព្វផ្សាយតាមគ្រប់រូបភាព និងមធ្យោបាយ ដើម្បីឱ្យសាធារណជន ជាពិសេសយុវជន បានទទួលព័ត៌មានកាន់តែទូលំទូលាយ និងចាត់ទុកការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ និងបំណិនជីវិត សម្រាប់យុវជន គឺជាភារកិច្ចស្នូលដែលត្រូវយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជាប់ជាប្រចាំ ដើម្បីឱ្យយុវជនមកពីគ្រប់ទិសទី អាចចូលរួមប្រកួតប្រជែងសមត្ថភាព និងទេពកោសល្យ នៅក្នុងទីផ្សារការងារ និងសង្គម ដើម្បីសម្រេចបំណងប្រាថ្នាក្នុងជីវិត និងក្លាយជាកោសិកាដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ៕
ដោយ : សិលា