ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តខេត្តសៀមរាប នៅរសៀលថ្ងៃសៅរ៍ទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពីការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្ដជាតិសម្រាប់សុខភាពបន្ដពូជ សុខភាពផ្លូវភេទ និងសិទ្ធនៅប្រទេសកម្ពុជាឆ្នាំ២០១៧-២០២៣ កាលពីម្សិលមិញនេះ ក្រោមអធិបតីភាព លោក ពិន ប្រាក អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិតនាយកប្រតិបត្តិអង្គការថែទាំសុខភាពគ្រួសារកម្ពុជា តំណាងក្រសួងសុខាភិបាល តំណាងគាំពារសុខភាពមាតានិងធារកថ្នាក់ខេត្ត ក្រុមការងារអង្គការរ៉ាក់ ក្រុមការងារគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព(HACC) លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ និងអង្គសិក្ខាសាលាទាំងអស់។
ថ្លែងក្នុងពេលវេលាដ៏មានតម្លៃនេះដែល លោកអភិបាលរងខេត្តបានលើកឡើងអំពីគោលបំណងនៃកម្មពិធីសិក្ខាសាលាផ្សព្វផ្សាយនេះគឺដើម្បីធ្វើការផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រ សម្រាប់សុខភាពផ្លូវភេទ និងសិទ្ធិនៅក្នុងប្រទេសកម្ពុជាឆ្នាំ២០១៧-២០២៣។ស្វែងយល់អំពីសូចនាករថ្មី ដែលបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យថ្នាក់ជាតិ។ចែករំលែក និងបទពិសោធន៍នៃការងារគាំទ្រ របស់អង្គការថែទាំសុខភាពគ្រួសារកម្ពុជា។ ពិភាក្សា និងពិគ្រោះយោបល់កាន់តែទូលំទូលាយជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីប្រែក្លាយយុទ្ធសាស្ដ្រ និងផែនការកែលម្អទៅជា សកម្មភាព។
លើសពីនេះលោក បានបន្ថែមផងដែរថា រយៈពេលជិត៣ឆ្នាំ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែង យកនូវអស់នូវកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីរួមគ្នាធ្វើយ៉ាងណា កាត់ផ្ដាច់នូវការចម្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះចូលទៅក្នុងសហគមន៍។
ជាមួយនោះការរីករាលដាលនៃជំងឺ-១៩នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ច នៅទូទាំងសាកលលោក ក្នុងនោះកម្ពុជាក៏ទទួលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដែរ។ តែទោះបីជាមានការប្រឈមយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជំងឺកូវីដដែលបណ្ដាលឱ្យមានការខកខានក្នុងការអភិវឌ្ឍនូវផែនការយុទ្ធសាស្រ្ដថ្មី យ៉ាងណាក្ដី ក៏ក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅតែព្យាយាមប្រកាន់ជំហរនៃការប្ដេជ្ញាចិត្តរបស់ខ្លួនតាមរយៈការធ្វើបច្ចុប្បន្នភាពលើឯកសារផែនការយុទ្ធសាស្ត្រជាតិ សម្រាប់សុខភាពបន្ដពូជ សុខភាពផ្លូវភេទ និងសិទ្ធិនៅក្នុងប្រទេសឆ្នាំ២០១៧-២០២៣ ដោយមានការចូលរួមគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីភាគីពាក់ព័ន្ធជាច្រើន ហើយនៅក្នុងនោះក៏មានអង្គការថែទាំសុខភាពគ្រួសារកម្ពុជាផងដែរ៕
ដោយ៖សហការី