ភ្នំពេញ៖ ជាថ្មីម្ដងទៀត លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បានក្រើនរំលឹក ឱ្យ លោក-លោកស្រីជាចៅសង្កាត់ ត្រូវខិតខំ រួមគ្នា រៀបចំសណ្ដាប់ធ្នាប់ឲ្យខាងតែបាន ព្រោះ សេចក្ដីជូនដំណឹងបានចូលដល់ថ្ងៃឱសានវាទហើយ មួយទៀត ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឲ្យនាំកូនចៅដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅតាមសង្កាត់ជាពិសេស លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ហាមមិនឲ្យ កើតមាននៅក្នុងមូលដ្ឋាន សង្កាត់ ជាដាច់ខាត ។
នេះជាប្រសាសន៍លើកឡើងរបស់លោកអភិបាលខណ្ឌដើម្បីជម្រាបជូនដល់ក្រុមប្រឹក្សាខណ្ឌនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ ប្រព្រឹត្តិទៅ នៅព្រឹក ថ្ងៃចន្ទ៧កើត ខែកត្តិក ឆ្នាំខាល ចត្វស័ក ព. ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រីឯក យ៉ានី តំណាងលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ និងមានការចូលរួមពីលោកអភិបាលរង៤រូប លោក-លោកស្រី ជាចៅសង្កាត់ទាំង៨ , លោក-លោកស្រីគ្រប់ការិយាល័យ ។
នៅក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលខណ្ឌបានលើកឡើងពីបច្ចុប្បន្នភាពរបស់គណៈអភិបាលខណ្ឌដែលត្រូវអនុវត្តបន្ត ជម្រាលជូនដល់ក្រុមប្រឹក្សាខណ្ឌ ដោយអភិបាលបញ្ជាក់ដូច្នេះថា
បញ្ហាសណ្ដាប់ធ្នាប់ រដ្ឋបាលខណ្ឌច្បារអំពៅ បានជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅ អមសងខាងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ច្បារអំពៅ១ សង្កាត់ច្បារអំពៅ២ សង្កាត់និរោធ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ មួយផ្នែកទៀតក៏បានជូនដំណឹងរួចហើយដែរ ដល់ប្រជាពលរដ្ឋរស់នៅ អមសងខាងផ្លូវ៣៦៩ ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅ១ សង្កាត់ច្បារអំពៅ២ សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មីរួចហើយដែរ ការងារបន្ទាប់ត្រូវអនុវត្ត តាមខ្លឹមសារនៃសេចក្ដីជូនដំណឹងអោយម៉ឺងម៉ាត់ ដើម្បី កាត់បន្ថយ ភាពគ្មានសណ្តាប់ធ្នាប់ អាចដោះស្រាយបានបញ្ហាការកកស្ទះចរាចរណ៍ និងអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ នៅលើដងផ្លូវនិងចិញ្ចើមផ្លូវ ។ យើងត្រូវប្ដេជ្ញារួមគ្នាធ្វើអោយបាន ដើម្បីសណ្ដាប់ធ្នាប់របៀបរៀបរយល្អ នៅក្នុងមូលដ្ឋានខណ្ឌ ហើយក្រោយពីរៀបរយហើយ មួយផ្នែកទៀតការរៀបចំសណ្ដាប់ធ្នាប់នេះគឺជាការលើកកម្ពស់សោភ័ណភាពនៅក្នុងមូលដ្ឋានខណ្ឌ ច្បារអំពៅ ។
លោកអភិបាលខណ្ឌបានជម្រាបជូនបន្តថា បច្ចុប្បន្ននេះគណៈអភិបាលខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេស ផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត អោយទទួលបានលទ្ធផលល្អ និង រួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ មិនអោយកើតមាននៅក្នុងមូលដ្ឋានខណ្ឌឡើយ ។
លើសពីនេះទៀតគណៈអភិបាលបានខិតខំរួមគ្នាដោះស្រាយបញ្ហាទំនាស់ក្រៅប្រព័ន្ធតុលាការអោយបានជាអតិប្បរមា ដោយប្រកាន់ខ្ជាប់តាមយុទ្ធសាស្ត្រឈ្នះ ឈ្នះ គឺគ្មានអ្នកចាញ់ និងខិតខំកែលំអរចនាសម្ព័ន្ធរូបវ័ន្តដើម្បីដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់សង្កាត់ទាំងអស់ ។
ជាចុងក្រោយលោកអភិបាលខណ្ឌ សូមថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលរាជធានីភ្នំពេញដែលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកសម្ភារៈ ថវិកានិងកម្លាំងជំនាញក្នុងការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយក៍សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារ អំពៅត្រូវនាំកូនចៅដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត ចំណែកអ្នកដែលចុះឈ្មោះហើយត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ ៕
ដោយ ៖ សណ្តោស