ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌជ្រោយចង្វា និងកម្លាំងប្រជាការពារសង្កាត់កោះដាច់ ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី៣១ ខែតុលា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ សឿង ហុងភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅភូមិក្បាលកោះសង្កាត់កោះដាច់មុខរបរកម្មករសំណង់។ ២-ឈ្មោះ មឿន ដាវីត ភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅភូមិក្បាលកោះសង្កាត់កោះដាច់មុខរបរនៅផ្ទះ។ ដកហូតបានវត្ថុតាង៖ ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំល្មមនិងឧបករណ៍ប្រើប្រាស់មួយចំនួន។
ប្រភពដដែលបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនេះ គឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់ បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌជ្រោយចង្វា និងកម្លាំងប្រជាការពារសង្កាត់ ចុះធ្វើការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ រួមនឹងវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានបញ្ជូនទៅជំនាញផ្នែកគ្រឿងញៀន ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
ដោយ៖អារុណរះ