ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ គណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង បានចាត់វិធានការក្ដៅរៀបចំសណ្ដាប់ធ្នាប់ ឲ្យអាជីវករលក់ដូរឲ្យមានរបៀបរៀបរយឡើងវិញ នៅជុំវិញបរិវេណផ្សារ ដែលអាជីវករយកផ្លូវធ្វើផ្សារលក់ដូរ យ៉ាងអនាធិបតេយ្យ បាត់បង់សោភ័ណភាពខេត្ត និងធ្វើឲ្យកកស្ទះពេញលើផ្លូវសាធារណៈ។ ក្រោយពេលអភិបាលខេត្តអញ្ញើញចុះត្រួតពិនិត្យ ដោយមានគណ:កម្មការរៀបចំសណ្តាប់ធ្នាប់ផ្សារ ដឹកនាំ កម្លាំងចម្រុះចុះបញ្ជាអនុវត្តផ្ទាល់ ដោយលោកចៅ មន្នីរ៉ា អភិបាលរងនៃគណ:អភិបាលខេត្ត ក្នុងរយ:ពេល៣ថ្ងៃជាប់ៗគ្នាមកនេះ ឃើញថា:ជុំវិញផ្សារទីធ្លារផ្សារសាមគ្គីស្ទឹងត្រែង មានសភាពស្ងប់ស្ងាត់បន្តិចមែន តែធ្វើឲ្យអាជីវករលក់ដូរតិចតួច មកពីទីជនបទ មិនសប្បាយចិត្ត ត្បិតពួកគាត់គ្មានកន្លែងលក់ដូរ ដូចអ្នកលក់ដូរមានតូបក្នុងផ្សារនោះទេ។ ខ្លះទូល ខ្លះកណ្តៀត ខ្លះដាក់កង់ និងម៉ូតូដើរលក់ ហាក់បីដូចជាសង្វេគណាស់ ក្រោយផ្តល់បទសម្ភាសន៍ពីរអាជីវករ គាត់ថាដាច់បាយហើយ តែពួកគាត់ស្នើសុំឲ្យអាជ្ញាធរ ជួយដោះស្រាយ និងសម្រួលដល់ពួកគាត់ មកពីទីជនបទ បានដាក់លក់និងគេផង ដើម្បីចិញ្ចឹមក្រពះ និងចិញ្ចឹមគ្រួសារពួកគាត់ផង។
នេះយោងតាមកិច្ចប្រជុំ រៀបចំគណ:កម្មការរៀបចំសណ្តាប់ធ្នាប់ផ្សារ ឲ្យមានរបៀបរៀបរយ កាកសំណល់រឹង និងរាវ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ចេញលិខិតប្រកាសជូនដំណឹងដល់អាជីវករលក់ដូរលើផ្លូវទាំងអស់ របស់លោកចាន់ គឹមឈុន ប្រធានអាជីវករផ្សារសាមគ្គីស្ទឹងត្រែង.មានចំនួន៣ចំណុចសំខាន់ៗ ៖
ទី១.អ្នកលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ត្រូវដាក់អីវ៉ាន់ត្រឹមគំនូសដែលបានរៀបចំ ហើយមិនអនុញ្ញាតឲ្យដាក់តាំងលក់ហួសខឿន ឬលើផ្លូវចូលផ្សារឡើយ។
ទី២.ចំពោះប្រជាពលរដ្ឋលក់ដូរបន្លែ ផ្លែឈើ ត្រីសាច់នៅលើខឿន ឬលើផ្លូវជុំវិញផ្សារ និងខាងជើងផ្សារទាំងអស់ មិនអនុញ្ញាតឲ្យលក់ដូរបន្តទៀតឡើយ គឺត្រូវរកទីតាំងលក់ដោយខ្លួនឯង។
ទី៣.ម្ចាស់ម៉ូតូដែលបានចតអនាធិបតេយ្យជុំវិញផ្សារ ក៏ត្រូវយកទៅផ្ញើរឲ្យបានសមរម្យ។
ក្នុងករណីមិនគោរពតាមការណែនាំនេះ នៅពេលអាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់ ប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ មិនទទួលខុសត្រូវឡើយ។
គួរបញ្ជាក់ផងដែរថា: ការរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញបរិវេណ ផ្សារសាមគ្គីស្ទឹងត្រែង កាលពីព្រឹកមិញនេះ មានអាជីវករមួយចំនួន បានសំដែងការមិនសប្បាយចិត្ត ដោយសារតែពួកគាត់ចោទមកលើគណ:អាជីវករផ្សារថា: ការរៀបចំនេះធ្វើឡើងមិនស្មើភាពគ្នា។ ម្យ៉ាង វិញទៀតចំពោះអ្នកលក់ដូរ មួយកញ្ច្រែងតូចតាច តិចតួចមានបន្លែត្រីសាច់បន្តិចបន្តួច ឡើងមកពីជនបទ យកមកលក់ ក៏ត្រូវហាមឃាត់ ដោយអាជ្ញាធរមានសមត្ថកិច្វ ជាពិសេសសន្តិសុខផ្សារតែម្តង ដោយមិនបានរកទីតាំងឲ្យពួកគាត់ បានលក់ដូរនឹងគេនោះឡើយ។ ខណៈនេះធ្វើឲ្យពួកគាត់ ខ្លះទូល ខ្លះកណ្តៀត ខ្លះដាក់កង់ ម៉ូតូដើរលក់ ក៏មិនបានសុខដែរ ធ្វើឲ្យពួកគាត់ដាច់បាយហើយ ខ្លះជំពាក់ធនាគារទៀតគ្មានប្រាក់ដោះបំណុល។ ពួកគាត់ថា:មិនជំទាស់និងអាជ្ញាធរនោះទេ ដែលរៀបចំផ្សារឲ្យមានសណ្តាប់ធ្នាប់ល្អនោះ តែពួកគាត់សូមស្នើសុំដល់លោកអភិបាលខេត្តស្ទឹងត្រែង និងអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ផ្សារ ធ្វើយ៉ាងណាសុំរកកន្លែង សម្រាប់ពួកគាត់មកពីទីជនបទ ស្រែចំការ បានលក់និងគេផង ដែលមានបន្លែ ត្រីសាច់ បន្តិចបន្តួច លក់ដូរនិងគេ បានប្រាក់ចំណេញខ្លះ គ្រាន់ដោះដូរ ចិញ្ចឹមក្រពះរាល់ថ្ងៃខ្លះ។ ហើយសូមឲ្យអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ផ្សារនេះ ធ្វើយ៉ាងណាឲ្យមានភាពស្មើគ្នា ជៀសវាងមានអ្នកកាង លោភលន់យកច្រើនកន្លែង ធ្វើឲ្យពួកគាត់មកពីជនបទគ្មានកន្លែងលក់ នេះហើយផលលំបាកដល់ពួកគាត់ ៕
ដោយ៖ មាស សុផាត