ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឱ្យខូចខាតថយន្តទាំងអស់ តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ

ចែករំលែក៖

    ភ្នំពេញ៖ រថយន្តចំនួន៣គ្រឿងបានបើកបុកបន្តកន្ទុយគ្នាបណ្តាលឱ្យរងការខូចខាតរថយន្តទាំងអស់ តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនធ្វើឱ្យមានអ្នករងរបួស។

   ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឲ្រដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះទី១ម៉ាក Audi Q7 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-5371 ។ ចំណែករថយន្ត រងគ្រោះ២គ្រឿងទៀតទី១ម៉ាក ម៉ាកមែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-1151 និងមួយគ្រឿងទៀតម៉ាក ម៉ាស្តា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AL-6389 ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តទាំង៣គ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៩៤ ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នា ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តម៉ាក Audi បានបើកទៅបុកពីក្រោយរថយន្តម៉ាកមែរសឺដេសពីក្រោយពេញទំហឹង ហើយរថយន្តម៉ាកមែរសឺដេសក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តម៉ាស្តាបន្តទៀត បណ្តាលឱ្យរថយន្តទាំង៣គ្រឿងរងការខូចខាត តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។

    បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តម៉ាស្តាដែលរងការខូចខាតបន្តិចបន្តួចបានសម្រេចបើកចេញពីកន្លែងកើតហេតុ ដោយមិនទាមទារសំណងអ្វីឡើយ ។

បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះធ្វើអន្តរាគមន៍សម្របសម្រួលគ្នា ប៉ុន្តែមិនត្រូវគ្នា ទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែង អូសយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖