ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងថ្ងៃត្រង់ដល់សមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍បន្ទាប់ពីមានក្រុមជនសង្ស័យចំនួន៣នាក់ជិះរថយន្តមិនស្គាល់ម៉ាកមកឈប់នៅមុខហាងសាឡន កក់សក់ រួចនាំគ្នាចូលទៅដាក់ថ្នាំសណ្តំយកលុយនិងទ្រព្យសម្បត្តិអស់មួយចំនួនធំ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១១និង៣០នាទី ថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២២ស្ថិតនៅចំណុចហាងផាន់ណាសាឡន ក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ម្ចាស់ហាងរងគ្រោះមានឈ្មោះកុយ សុផាណា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរម្ចាស់ហាងផាន់ណាសាឡន រស់នៅភូមិកើតហេតុខាងលើ។
បើតាមម្ចាស់ហាងផាន់ណាសាឡន បានប្រាប់សមត្ថកិច្ចថា សម្ភារដែលបាត់បង់រួមមាន ប្រាក់ដុល្លារចំនួន១៧.៥០០ដុល្លារ ចិញ្ជៀនផ្លាទីនចំនួន២វង់ទម្ងន់៦ហ៊ុន ខ្សែដៃកូនផ្លាទីនចំនួន១ជីកន្លះនិងក្រវិលមាសទំហំ១ហ៊ុន។
ប្រភពបន្តថា មុនពេលកើតហេតុមានក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាបីនាក់បានជិះរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងមកចូលហាងរបស់ខ្លួន ដោយប្រាប់មកកក់សក់ ។ បន្ទាប់មកជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់នោះ បានសុំឱ្យកក់សាប៊ូរបស់ខ្លួនដែលយកមកជាមួយ ហើយបានចាក់ដាក់បាតដៃឱ្យហិត រួចក្រុមជនសង្ស័យក៏ប្រាប់រូបខ្លួនថាឱ្យទៅយកលុយមកដូរ ខណៈនោះខ្លួនបានត្រូវថ្នាំសណ្ដំ វង្វេងស្មារតីក៏ដើរចូលក្នុងផ្ទះចាក់សោយកលុយទាំងអស់ដែលទើបតែដកពីធនាគារABAកាលពីថ្ងៃសុក្រទី២៨ខែតុលាឆ្នាំ២០២២ឱ្យពួកគេទាំងអស់។ ក្រោយពីបានលុយនិងគ្រឿងអលង្ការហើយក្រុមជនសង្ស័យបានបើករថយន្តចេញពីហាងបាត់ទើបគាត់បានដឹងខ្លួនវិញនិងផ្អើលឆោឡោឡើងតែម្ដង។
ក្រោយមកម្ចាស់ហាងរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងព្រោះមានអាការខុសធម្មតារវើរវាយក្រោយត្រូវថ្នាំសណ្ដំរបស់ក្រុមជនសង្ស័យ។
បច្ចប្បន្នសមត្តកិច្ចមូលដ្ឋានកំពុងធ្វើកំណត់ហេតុនិងសាកសួរម្ចាស់ហាងដើម្បីស្រាវជ្រាវស្វែងរកជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់អោយខាងតែបាន៕
ដោយ៖ សុថាន