ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា មុនពេលបង្រ្កាបករណីនេះ នៅយប់វេលាម៉ោង០០និង៣០នាទីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានរបស់លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ភ្លាមៗនោះលោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ង៉ែត ឧត្តម នឹងធ្វើការឆែកឆេរលើដងខ្លួនរកឃើញគ្រឿងញៀនម្សៅក្រាមពណ៌សថ្លាចំនួន០៤កូនថង់កិប ទម្ងន់១១,៦៨ក្រាម, ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន០៥គ្រាប់ ទម្ងន់២,២៦ក្រាម, ម្សៅម៉ត់កញ្ចប់ពណ៌ក្រហម(រូបសេះ)ចំនួន០២កញ្ចប់ ទម្ងន់៣៦,៣៦ក្រាម, ម្សៅម៉ត់កញ្ចប់ពណ៌ខៀវ(រូបផ្លែទំពាំងបាយជូរ)ចំនួន ០៣កញ្ចប់ ទម្ងន់២២,៥៧ក្រាម, ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPhone 12pro.max ពណ៌ប្រផេះ។
លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ង៉ែត ឧត្តម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីកន្លែងកំណើតភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ បច្ចុប្បន្ន រស់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយត្រូវបានកម្លាំងធ្វើការឃាត់ខ្លួនយកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។
ជនសង្ស័យរូបនេះក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនខាងលើមករក្សាទុក ដើម្បីប្រើប្រាស់ពិតប្រាកដមែន ដោយផ្អែកលេីវត្ថុតាង និងចម្លើយសារភាពទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។
បច្ចុប្បន្ន៖ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត ៕
ដោយ ៖ វណ្ណា