ភ្នំពេញ ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, នាល្ងាចថ្ងៃទី៣១ខែតុលា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោកស្រី Gu Xiaojun បានតបតាមការអញ្ជើញចូលរួមក្នុងព្រះរាជកម្មវិធី«១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ»នៅសាលមហោស្រព ចតុម្មុខមង្គលរាជធានីភ្នំពេញ។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យស្ដេចយាងក្នុងព្រះរាជពិធីខាងលើ ក៏មានការអមព្រះរាជដំណើរដោយថ្នាក់ដឹកនាំកំពូលៗរួមមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៏មានវត្តមានប្រេសិកប្រទេសនានាប្រចាំនៅប្រទេសកម្ពុជាផងដែរ។
ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបន្តថា, សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ដែលជាបុត្រីពៅរបស់សម្ដេច«ព្រះបរមរតនកោដ្ឋ» និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងសុន្ទរកថាក្នុងព្រះរាជពិធីខាងលើ។ សម្តេចរាជបុត្រីមានព្រះរាជបន្ទូលថា សម្ដេច«ព្រះបរមរតនកោដ្ឋ»គឺជាបិតាជាតិដែលប្រជាជនកម្ពុជាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ព្រះអង្គបានរួមព្រះរាជសកម្មភាពដ៏មហិមាបំផុតក្នុងបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី និងរួបរួមជាតិ ព្រះអង្គបានលះបង់ព្រះកាយពលដ៏ធំធេងក្នុងការជំរុញអភិវឌ្ឍវប្បធម៌ប្រពៃណីខ្មែរ។ លោក ហ៊ុន ម៉ានី បានស្ញប់ស្ញែងចំពោះមហាសមិទ្ធផលដ៏ធំធេងរបស់សម្ដេច«ព្រះបរមរតនកោដ្ឋ» លោកបានសង្កត់ធ្ងន់ថា សម្ដេច«ព្រះបរមរតនកោដ្ឋ»និងថ្នាក់ដឹកនាំចិនជំនាន់មុនបានបង្កើតនិងបីបាច់ថែទាំនូវចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន។ សម្ដេចតេជោនិង លោក Xi Jinping បានជំរុញផ្សព្វផ្សាយនិងថែរក្សាថែមមួយកម្រិតទៀត ឈានចូលដល់យុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួម។
លោកឯកអគ្គរដ្ឋទូតចិននិងលោកស្រី បានបកស្រាយបទចម្រៀងរួមគ្នាដែលមានចំណងជើងថា«ស្រណោះស្រុកចិន»ដែលជាព្រះរាជនិពន្ធរបស់សម្ដេច«ព្រះបរមរតនកោដ្ឋ» បរិយាកាសនៃព្រះរាជពិធីខាងលើមានភាពអធឹកអធមជាខ្លាំង។ ក្រោយពីបញ្ចប់ការសម្តែង ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីបានសព្វព្រះទ័យចំពោះកម្មវិធីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតចិននិងលោកជំទាវ ព្រះអង្គទាំងទ្វេបានអបអរសាទរជូនពរកម្មវិធីឱ្យមានភាពរលូននិងជោគជ័យ។ សម្តេចព្រះមហាក្សត្រីបានសរសើរជាភាសាចិនចំពោះការច្រៀងដ៏ល្អនេះ ។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានធ្វើការផ្សព្វផ្សាយនិងសាទរយ៉ាងខ្លាំង។
ការសម្តែងរបស់ លោកឯកអគ្គរដ្ឋទូតចិននិងលោកជំទាវគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដទៃទៀតក្នុងការរំឭកខួបអនុស្សាវរីយ៍លើកទី១០០នៃការប្រសូតរបស់សម្ដេច«ព្រះបរមរតនកោដ្ឋ»៕
ដោយ : សិលា