ភ្នំពេញ ៖ អគ្គិភ័យបានឆេះសាលាបង្រៀន កែសម្ផស្សសាឡានមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច បានចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា សំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង២៥នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះលេខ១៧ ផ្លូវបេតុងស្ពានព្រែកបារាំង ក្រុម៦ នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ឯក សារ៉េន អធិការរង ខណ្ឌច្បារអំពៅ បានប្រាប់ឱ្យដឹងថា មុនកើតពេលហេតុ មានបងប្អូនប្រជាពលរដ្ឋ បានរាយការណ៍មកថា មានភ្លើងឆេះផ្ទះមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុងស្ពានព្រែកបារាំង ក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ខណៈបន្ទាប់ពីទទួលបានហើយ ក៏ប្រញាប់ចុះទៅមើលកន្លែងកើតហេតុជាក់ស្តែង ក៏ឃើញមានហុយផ្សែងខ្មៅចេញពីក្នុងផ្ទះ ទើបសុំអន្តរាគមន៍ឱ្យចេញរថយន្តពន្លត់អគ្គិភ័យ រថយន្តពន្លត់អគ្គិភ័យដែលនៅជិត ចុះមកដល់ចំនួន៣គ្រឿង រថយន្តរបស់សាលាខណ្ឌច្បារអំពៅ និងរថយន្តរបស់បុរីប៉េងហួត រួមទាំងរថយន្តអង្គភាពផ្សេងៗមកជាបន្តបន្ទាប់ ដើម្បីចុះមកធ្វើការបាញ់បន្លត់ ការពារកុំអោយមានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាង ខណៈដែលរដូវកំពុងតែធ្លាក់ខ្យល់ផង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងករណីភ្លើងឆេះសាលាបង្រៀនកែសម្ផស្សញូវស្តាយ៍ ដោយម្ចាស់ទីតាំងខាងលើមាន ឈ្មោះ ផាន់ សុផា ភេទស្រី អាយុ ៤៥ឆាំ្ន ជនជាតិខែ្មរ មុខរបរ ជាម្ចាស់សាលាកែសម្ផស្ស សាឡន នឹងខូស្មិកទិច។
ចំពោះ មូលហេតុ ករណីគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីបញ្ជូលអាគុយកង់ ទើបធ្វើឱ្យមានការផ្ទុះលើអាល់កុល បង្កជាអគិ្គភ័យឆាបឆេះជាប្រភេទសំណង់ផ្ទះលែ្វង មានទំហំ៤ម៉ែត្រ គុណ ១៤ម៉ែត្រ បណ្តាលឱ្យមានការខូចខាតសម្ភារៈ ឆេះសម្ភារ:កែសម្ផស្សក្នុងបន្ទប់ ទំហំ៤ម៉ែត្រ គុណ ៤ម៉ែត្រ អស់ចំនួន១បន្ទប់ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ ហើយក៏ពុំបានឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ អ្នករស់នៅជិតខាងនោះឡើយ។
ក្នុងប្រតិបត្តិការជួយសង្គ្រោះ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ ផ្នែកបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានចុះមកជួយអន្តរាគមន៍ភ្លាមៗ ក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់ការរិយាល័យអគ្គិភ័យចំនួន០២គ្រឿង បានប្រេីប្រាស់ទឹកអស់១ឡាន ស្មើ៤ម៉ែត្រគូប, រថយន្តជំនួយអន្តរាគមន៍, រថយន្តពន្លត់អគ្គិភ័យសាលាខណ្ឌច្បារអំពៅ ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េងហ៊ួត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន សើ្ម ១០ម៉ែត្រគូប, ដោយបានប្រើរយៈពេលជាង២០នាទី ដើម្បីធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ៕
ដោយ៖ ភារ៉ា ដង្កោ