ខេត្តកណ្ដាល ៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅក្របួចជាប់ ខណៈដែលជនសង្ស័យរូបនេះបានឆក់កាបូបរបស់អ្នកដំណើរ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណុចតាមផ្លូវ២១ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ គឹម កញ្ញា ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិរកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរលក់ដូរ ។
ជនសង្ស័យឈ្មោះ រ័ត្ន បូនិច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេតកណ្តាលចំនួន១ដង ករណីលួច។
វត្ថុតាងចាប់យក៖ ១-ទូរស័ព្ទ០១ម៉ាកoppo ពណ៌ទឹកប្រាក់ (របស់ជនរងគ្រោះ)،២-ម៉ូតូ០១គ្រឿងម៉ាកhonda c125 ស៊េរី២០០៨ គ្នានស្លាកលេខ(របស់ជនសង្ស័យ)،៣-កាបូបស្ពាយ០១ របស់ជនរងគ្រោះ ។
សម្ភារបាត់បង់៖ប្រាក់ដុល្លារចំនួន៨០០ដុល្លារ ប្រាក់ខ្មែរ៤៥ម៉ឺនរៀល និងចិញ្ចៀន១វង់ ។
ប្រភពដដែលបន្តថា កាលពីវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូតាមបណ្ដោយផ្លូវ ហើយបានទុកកាបូបស្ពាយរបស់ខ្លួននៅលើភ្លៅ ខណៈនោះស្រាប់តែជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ ហើយព្យាយាមជិះរត់គេចខ្លួន ភ្លាមនោះ ជនរងគ្រោះបានស្រែកថាចោរៗ ក៏ត្រូវសមត្ថកិច្ចក្រុងតាខ្មៅដែលកំពុងចេញល្បាតតាមផ្លូវ បានចុះអន្តរាគមន៍ដេញចាប់ខ្លួនបានព្រមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមនីតិវិធីតែម្តង៕
ដោយ៖ ស្អាងជ័យ