ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលសារតាំងអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា

ចែករំលែក៖

   ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលសារតាំងអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។

   នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួលសារតាំងរបស់ លោក Joseph Scheuer ដែលត្រូវបាន តែងតាំងដោយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ជា អ្នកសម្របសម្រួលថ្មីរបស់អង្គការ សហប្រជាជាតិប្រចាំកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Joseph Scheuer ដែលបានឆ្លើយតបដោយការសម្តែងនូវចំណាប់អារម្មណ៍ថា “លោកមានអារម្មណ៍ថាលោកហាក់ដូចជាបានវិលត្រលប់មកផ្ទះរបស់ខ្លួនវិញ” ដោយសំដៅដល់ការបំពេញបេសកកម្មកាលពីមុនៗរបស់លោកជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិផ្សេងៗនៅក្នុងប្រទេសកម្ពុជា។

    លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់ក្រុមការងារអង្គការសហប្រជាជាតិ តាមរយៈក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDAF) និងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត។ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជាមួយនឹងជំនួយដ៏សប្បុរសនេះ បូករួមជាមួយនឹងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង៩៥%នៃចំនួនពលរដ្ឋសរុប។

    លោកឧបនាយករដ្ឋមន្ត្រីបានរំលឹកពីជំនួបប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះ រវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវ

យ៉ក។ 

    លោក Joseph Scheuer បានសម្តែងនូវអំណរគុណចំពោះការគាំទ្រនិងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាធិការ នាពេលខាងមុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លោកឧបនាយករដ្ឋមន្ត្រី និងអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិបានគូសបញ្ជាក់អំពីសារៈសំខាន់នៃជំនួបជាថ្មីម្តងទៀតរវាងសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹងលោក

អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលឆាប់ៗនេះ។

    លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Joseph Scheuer បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អដែលកំពុងមាននាពេលបច្ចុប្បន្នរវាងកម្ពុជា នឹងអង្គការសហប្រជាជាតិ និងបានផ្លាស់ប្តូរទស្សនៈគ្នាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា នឹងអង្គការសហប្រជាជាតិ ដោយភាគីទាំងពីរបានទន្ទឹងដល់ការបន្តកិច្ចសន្ទនាប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា នឹងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់នៅកម្ពុជា ដែលបានអាក់ខានដោយសារជំងឺរាតត្បាត កន្លងមក។

   លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជាចំពោះប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKOs) ដោយគូសបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាបន្តបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព។

   លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីលទ្ធផលចម្បងៗដែលសម្រេចបាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ ថ្វីត្បិតមានបញ្ហាប្រឈម និងបញ្ហាក្នុងតំបន់និងអន្តរជាតិក្ដៅៗមួយចំនួនក្តី។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនផងដែរអំពីការត្រៀមរៀបចំរបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ លោក Joseph Scheuer បានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលទាំងនេះ ៕

ដោយ : សុខ ខេមរា


ចែករំលែក៖