ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឱ្យដឹងនៅយប់ថ្ងៃពុធទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលទូទាំងប្រទេសកម្ពុជា បានធ្វេីការត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៤៨គ្រឿង នាថ្ងៃទី០២ វិច្ឆិកានេះ។ ក្នុងនោះមានម៉ូតូ ១៩៩គ្រឿង និងរថយន្ត ៤៩គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា៖ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣៤,៥២៦គ្រឿង ក្នុងនោះមានម៉ូតូ ១០៧,៩៥៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៦,៥៦៩គ្រឿង គិតថ្ងៃទី០២ ខែវិច្ឆិកា ក្នុងឆ្នាំ២០២២នេះ។
ជាក់ស្ដែងបទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ អត់ពាវមួកសុវត្ថិភាព, ល្មើសសញ្ញា ,ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញា ,អត់ប័ណ្ណបើកបរ ,ទូរស័ព្ទ ,ខ្សែក្រវ៉ាត់ ,ល្មើសល្បឿន ,ឆៀក និងអត់ស្លាកលេខជាដើម។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានឱ្យដឹងដែរថា សម្រាប់ថ្ងៃទី០២ ខែវិច្ឆិកានេះដែរ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន ០៨លើក ក្នុងនោះស្លាប់ចំនួន ០៥នាក់ របួសចំនួន ០៥នាក់ (របួសធ្ងន់ ០៣នាក់)។ រយៈពេល៣០៦ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៥១០លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៤៥៨នាក់ របួស ៣,៤៥៥នាក់ (របួសធ្ងន់ ២,១៨៧នាក់)។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕
ដោយ៖ស តារា(រូបភាព៖ ឯកសារ)