ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទក្រហម កម្ពុជាខេត្ត សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររងគ្រោះដោយសារអគ្គិភ័យនៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ ស្តីពី ករណីប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ នៅថ្ងៃព្រហស្បតិ៍ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្រុមការងាសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះ ដោយសារអគ្គិភ័យ ១ គ្រួសារ ដែលរងគ្រោះកាលពីព្រឹកថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២២  វេលាម៉ោង ០៩:៣០នាទីព្រឹកកន្លងទៅ នៅភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង  បណ្តាលឲ្យឆេះផ្ទះ ០១ ខ្នង ទំហំ ៧×១២ ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ថ្មក្រោម ខូចខាតទាំងស្រុងរួមនឹងសម្ភារប្រើប្រាស់ និងស្លាប់មនុស្សម្នាក់ឈ្មោះ កៅ យាន ភេទប្រុស អាយុ ៧០ ឆ្នាំ ជាម្ចាស់ផ្ទះ  មូលហេតុដោយសារផ្ទុះធុងហ្គាស ។

ក្នុងឱកាសនោះលោកស្រី ដួង វណ្ណា បាននាំមកនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។

ជាមួយគ្នានេះ លោកស្រី បានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ។

លោកស្រីក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា  ក្នុងការជួយដល់ប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៏ ពណ៌សប្បុរ ពោលគឺទីណាមានការលំបាកទីនោះមានវត្តមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច ជាក់ស្តែងអំណោយដែលយកមកផ្តល់ជូននាពេលនេះគឺបានមកពីការបរិច្ចាករបស់សប្បុរសជននានា ថ្វីត្បិតតែមិនសាកសមទៅនឹងអ្វីដែលបងប្អូនបាត់បង់ពិតមែន តែក៏អាចជួយដោះស្រាយបងប្អូនបានមួយរយៈពេលខ្លីផងដែរ ។

លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាក់ ជាពិសេសចំពោះបងប្អូនដែលប្រើប្រាស់ ផ្ទាំងសូឡា ត្រូវមានការប្រុងប្រយ័ត្ន ឧស្សាហ៍ត្រួតពិនិត្យ ជៀសវាងមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ។

សីមបញ្ជាក់ថាអំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ មី ១ កេស ត្រីខ ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ កន្ទេលបត់ ១ ឃីត ១ កញ្ចប់(មុង ១ ភួយ ១ ក្រមា ១ សារុង ១) ថវិកា ៤០ ម៉ឺន រៀល និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ថវិកា ៥០ ម៉ឺន រៀលផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖