ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រមាណ១០គ្រួសារកាន់បង្កាន់ដៃប្លង់ដីមកមន្ទីរសុរិយោដីខេត្តចង់បានប្លង់ដីដែលវាស់វែងរួច៤ឆ្នាំហើយនោះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី៣ខែវិច្ឆិកា២០២២ជាថ្មីម្ដងទៀតប្រជាពលរដ្ឋប្រមាណ១០គ្រួសារបានយកបង្កាន់ដៃប្លង់ដី ដែលវាស់វែងរួចប្រហែល៣០ក្បាល ដី មកមន្ទីររៀបចំដែនដីនគរូបនីយកម្ម ដំណង់ និងសូរិយោដីខេត្តស្ទឹងត្រែង ដើម្បីសុំយកប្លង់ដែលវាស់វែងហើយជិត៥ឆ្នាំកន្លងមក ដែលរហូតមកដល់ពេលនេះមិនទាន់ទទួលបាននៅឡើយ។

 ប្រជាពលរដ្ឋទាំងអស់នោះរស់នៅចំណុចអូរពងមាន់ ភូមិរាជានុកូលសង្កាត់ស្ទឹងត្រែង-ក្រុង-ខេត្តស្ទឹងត្រែង ប្រមាណជាង១០គ្រួសារនិយាយថា ប្រជាពលរដ្ឋក្នុងភូមិនេះបានទទួលប្លង់ដីស្ទើរទាំងអស់ទៅហើយ ដោយ ឡែកពួកគាត់មិនទាន់ទទួលបាននៅឡើយ។ ពួកគាត់សំដែងការមិនពេញចិត្តចំពោះមន្ត្រីសូរិយោដីខេត្តដោយ សារការវាស់វែងដីធ្លី ជាប្រព័ន្ធតាំងពីអំឡុងឆ្នាំ ២០១៩ មកម្ល៉េះតែមន្ត្រីសូរិយោដីមិនទាន់ប្រគល់ប្លង់ឲ្យ។ 

ប្រជាពលរដ្ឋលើកឡើងថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ពួក គាត់បានមកដល់មន្ទីរដែនដីសូរិយោដីខេត្តស្ទឹងត្រែងម្ដងមកហើយ ដោយសារពួកគាត់ចង់បានប្លង់កម្មសិទ្ធ យកទៅប្រើប្រាស់ ដូចជាដាក់តម្កល់យកប្រាក់ពីធានាគារដើម្បីពង្រីកមុខរបរចិញ្ចឹមជីវិត ឲ្យបានទាន់រដូវកាលដាំដុះ និងចង់ដឹងពីភាពជាក់លាក់ក្នុងការប្រើប្រាស់ដីធ្លីផងដែរ ព្រោះការវាស់វែងដីទាំងនេះជាង៤ឆ្នាំមកហើយ មន្ទីរសូរិយោដីមិនព្រមចេញនិងផ្តល់ប្លង់ឲ្យសោះ។

     ពួកគាត់លើកឡើងថា ការបង្កកមិនឲ្យប្លង់ដីនេះបានធ្វើឲ្យពួកគាត់អស់ទំនុកចិត្ត និងបាត់បង់ជំនឿទៅលើមន្ត្រីមន្ទីរសូរិយោដីខេត្ត ព្រោះពេលមកជួបម្តងៗបានត្រឹមទទួលពាក្យថា មេមិននៅ ចាំមេមកវិញតែប៉ុណ្ណោះ។ 

   នៅពេលប្រជាពលរដ្ឋសួរដេញដោលច្រើន មន្ត្រីសូរិយោដីឆ្លើយថា  ក្បាលដីប្រជាពលរដ្ឋទាំងនោះឯកសារមិនគ្រប់ទៅវិញ។ ពួកគាត់បន្ថែមថា រឿងធ្វើប្លង់ដីនេះគាត់បានចំណាយប្រាក់គ្រប់ចំនួន ទៅលើក្បាលដីនីមួយៗ តែភាពជាក់លាក់មិនទាន់ទទួលបានមកវិញទេ លុយក៏បានបង់រួចអស់ហើយដែរ។

   ដោយឡែកប្រជាពលរដ្ឋដែលគាត់វាស់វែងអំឡុងពេលជាមួយគ្នា  តែគាត់យកប្លង់បាន គឺដោយសារគាត់បានចាយលុយពីរដង ព្រោះថាពេលចុះវាស់ប្លង់ គេតម្រូវឲ្យបង់ប្រាក់ម្តងរួចមកហើយ  ហើយពេលមកយកប្លង់ត្រូវបង់លុយម្តងទៀត។

   ទាក់ទងនឹងករណីខាងលើនេះអ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅកាន់លោក មិញ ស៊ីចាយ ប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ខេត្តសុរយោដី ចូលជាច្រើនដងតែពុំមានអ្នកលើក។

 សូមបញ្ជាក់ថា បង្កាន់ដៃដីនីមួយៗតែងតែមានឈ្មោះលេខ ក្បាលដី និងឈ្មោះមន្ត្រីដែលចុះវាស់វែង ភាគច្រើនមានឈ្មោះ ណា ដេឡា និងធុយ ពុទ្ធារ៉ា គ្រប់កន្ទុយបណ្ណ។ តែចង់ទំនាក់ទំនងទៅពួកគាត់ក៏មិនបានដែរ ហើយសួរទៅ មន្ត្រីនៅមន្ទីរក៏ពុំមានអ្នកណាដឹងដែរ បើធ្វើបែបនេះឲ្យពួកគាត់ ទៅខាងណាមកខាងណីនោះទេ។

ចុងក្រោយប្រជាពលរដ្ឋយើងបានត្រឹមតែត្រឡប់ទៅផ្ទះវិញទាំងដៃទទេ និងមិនអស់ចិត្តព្រោះទទួលបានត្រឹមតែពាក្យសន្យារបស់កូនមន្ត្រីម្នាក់ ថាមេមិននៅ ចាំបុណ្យ អុំទូកហើយសិន៕

ដោយ៖ សូរិយា


ចែករំលែក៖