ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា មានប្រជាពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ នៅចំណុចក្រុមទី៥ ភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែវិច្ឆិកាម្សិលមិញនេះ។
របាយការណ៍ដដែលបន្តថា ប្រជាពលរដ្ឋម្នាក់ឈ្មោះ អិល អ៊ាត ភេទ ប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល បានមករាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ០១គ្រាប់ កប់នៅក្បាលស្រែ ខាងជើងដីភូមិរបស់គាត់ ប្រមាណជាង ១០០ម៉ែត្រ។ ក្រោយពីត្រួតពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ០១គ្រាប់ ជាប្រភេទគ្រាប់ឡង់ សមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា (កន្លែងគ្រាប់) រង់ចាំកម្លាំងស៊ីម៉ាក់មកយក។ សមត្ថកិច្ចស្រុកថ្មគោលបានរាយការណ៍បន្តទៅអង្គភាពកំចាត់មីនស៉ីម៉ាក់ CMAC ដើម្បីយកទៅកំទេចចោល។
ឆ្លៀតក្នុងឱកាសនោះ អធិការនគរបាលស្រុកថ្មគោល បានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕
ដោយ៖សហការី