ភ្នំពេញ ៖ ជនសង្ស័យពីរនាក់បានជិះម៉ូតូមកធ្វើសកម្មភាពលួចកង់មួយគ្រឿងបានសម្រេចកាលពីវេលាម៉ោង០១និង ៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវលេខ១៩៨២ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បន្ទាប់មកជនសង្ស័យទាំងពីរនាក់បាននាំគ្នាជិះកង់និងម៉ូតូគេចខ្លួនរហូតមកដល់ចំណុចភ្លើងស្តុប(IU)តាមបណ្ដោយផ្លូវលេខ១៩៨៦ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវបានម្ចាស់កង់តាមទាន់ឃាត់ខ្លួនបានម្នាក់ប្រគល់ជូនសមត្ថកិច្ចភ្លាមៗ ចំណែកបក្សពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ទៅ។
ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះយ៉ុង បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្ដុំផ្លូវរថភ្លើងវត្តនាគវ័ន ។ ចំណែកបក្ខពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។
បេីតាមសម្តីពីបុរសជាម្ចាស់កង់បានប្រាប់ឱ្យដឹងថា មុនកើតហេតុកង់របស់គាត់ដាក់ក្នុងដីឡូត៍កន្លែងកើតហេតុខាងលើ លុះដល់ម៉ោងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបានចូលទៅធ្វើសកម្មភាពលួចយកកង់របស់គាត់បានសម្រេច រួចក៏នាំគ្នាជិះគេចខ្លួន។ ភ្លាមនោះអ្នកក្បែរខាងឃើញហេតុការណ៍នេះក៏ស្រែកប្រាប់រូបគាត់ បន្ទាប់មករូបគាត់ក៏បានជិះម៉ូតូដេញតាមជនសង្ស័យខាងលើមកដល់ចំណុចផ្លូវលេខ១៩៨៦ ភ្លើងស្តុបមន្ទីរពេទ្យ(IU) ចៃដន្យជនសង្ស័យដែលជិះកង់បានជួបគ្រោះថ្នាក់ចរាចរណ៍ដួលនៅនឹងកន្លែង គាប់ជួនរូបគាត់ជិះមកដល់ក៏ធ្វើការឃាត់ខ្លួនបានប្រគល់ជូនសមត្ថកិច្ចភ្លាមៗ ចំណែកបក្សពួកម្នាក់ទៀតឃើញសភាពមិនស្រួលជិះម៉ូតូគេចខ្លួនបាត់។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីធ្វើការសួរនាំនិងចាត់ការទៅតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ