ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min ​នឹង​ទទួល​ការ​វះ​កាត់​មុន​ការ​ប្រកួត World Cup

ចែករំលែក៖

ក្លិមាន់ខ្នាយមាស Tottenham Hotspur បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការចូលរួមការប្រកួត World Cup របស់ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min អាចនឹងស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដែលកីឡាកររូបនេះនឹងទទួលការវះកាត់លើការបាក់ឆ្អឹងផ្ទៃមុខ។

Son មានវ័យ៣០ឆ្នាំបានរងរបួសពាក់កណ្តាលតង់ទីនៃការប្រកួត Champions League របស់ក្រុម Tottenham នៅទឹកដីក្រុម Marseille បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយកីឡាករ Chancel Mbemba គាត់​តម្រូវ​ឱ្យ​មាន​ការ​ព្យាបាល​យ៉ាង​យូរ​នៅ​លើ​ទីលាន មុន​ពេល​ត្រូវ​បាន​គេ​ប្តូរ​ចេញ ហើយ​ដើរចូលទៅក្នុងផ្លូវក្រោមដី។

ក្លិប Tottenham បានប្រកាសនៅលើគេហទំព័ររបស់ពួកគេថា “យើងអាចបញ្ជាក់បានថា Heung-Min Son នឹងធ្វើការវះកាត់ដើម្បីរក្សាលំនឹងការបាក់ឆ្អឹងជុំវិញភ្នែកខាងឆ្វេងរបស់គាត់ បន្ទាប់ពីការវះកាត់ Son នឹងចាប់ផ្តើមការស្តារនីតិសម្បទាជាមួយបុគ្គលិកពេទ្យរបស់យើង ហើយយើងនឹងធ្វើបច្ចុប្បន្នភាពអ្នកគាំទ្របន្ថែមទៀតនៅពេលកំណត់” ។

ក្តីសង្ឃឹមរបស់កីឡាករជម្រើសជាតិកូរ៉េខាងត្បូងនៅ World Cup ដែលចាប់ផ្តើមក្នុងរយៈពេលតិចជាងសប្តាហ៍បានធ្វើឲ្យមានការបារម្ភយ៉ាងខ្លាំងទៅលើ Son ដែលបានស៊ុតបញ្ចូលទី៣៥គ្រាប់ក្នុងការបង្ហាញខ្លួន១០៤លើកសម្រាប់ប្រទេសរបស់គាត់។

ក្លិប Tottenham មិនបានបញ្ជាក់ថា រយៈពេលប៉ុន្មានដែល Son ទំនងជាត្រូវសម្រាកព្យាបាល ប៉ុន្តែរបួសរបស់គាត់គឺជាបញ្ហាដ៏ធំមួយចំពោះក្រុមចំណាត់ថ្នាក់លេខរបស់លោក Antonio Conte ដែលនឹងត្រូវជួបក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក្រុមក៏បានបាត់ខ្សែប្រយុទ្ធ Richarlison និងខ្សែបម្រើស្លាប DejanKulusevski រួចទៅហើយដែរ

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកូរ៉េខាងត្បូងគឺជាក្រុមខ្លាំងមួយនៅតំបន់អាស៊ី ស្ថិតក្នុងពូល H ជាមួយព័រទុយហ្គាល់, ហ្គាណា និងអ៊ុយរ៉ាហ្គាយក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅតាកាឆ្នាំនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA/BBC Sport)


ចែករំលែក៖