ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល៧នាក់ (របួសធ្ងន់ ០៦នាក់) នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ។ រយៈពេល ៣០៧ថ្ងៃ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៥១៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៤៦៣នាក់ របួស ៣,៤៦២នាក់ (របួសធ្ងន់ ២,១៩៣នាក់)។
ជាមួយគ្នានោះ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានឱ្យដឹងដែរថា នគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ២៨៤គ្រឿង នាថ្ងៃទី០៣ ខែវិច្ឆិកាម្សិលមិញ។ ក្នុងនោះមានម៉ូតូ ២២៦គ្រឿង និងរថយន្ត ៥៨គ្រឿង។
ចំពោះបទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញា អត់ប័ណ្ណបើកបរ ស្រវឹង ខ្សែក្រវ៉ាត់ អាជីវកម្ម ល្មើសល្បឿន ឆៀក ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ក្នុងឆ្នាំ២០២២នេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣៤,៨១០គ្រឿង ក្នុងនោះមានម៉ូតូ ១០៨,១៨៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៦,៦២៧គ្រឿង៕
ដោយ៖សហការី(រូបភាព៖ ឯកសារ)