ប្រធានាធិបតីអ៊ុយក្រែនលោកលោក Volodymyr Zelensky បានចោទប្រកាន់វិមានក្រឹមឡាំងថាបានងាកទៅរក “ភេរវកម្មថាមពល” ខណៈដែលកងទ័ពរុស្សីទទួលជោគជ័យតិចតួចក្នុងសង្គ្រាម។
ប្រធានាធិបតីអ៊ុយក៏បានចោទប្រកាន់រុស្ស៊ីវាយបរហារទៅលើប្រព័ន្ធថាមពលអគ្គិសនីបណ្តាលឱ្យពលរដ្ឋរហូតដល់ទៅ៤,៥លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ីបានធ្វើការវាយប្រហារដោយកាំជ្រួចនិងយន្តហោះគ្មានមនុស្សបើកលើរោងចក្រថាមពលអគ្គិសនីរបស់អ៊ុយក្រែន។
ការវាយប្រហារទៅលើបណ្តាញថាមពលអគ្គិសនីកើតឡើងខណៈដែលក្រុមមន្ត្រីនិយាយថា ទាហានរុស្ស៊ីទំនងជាដកខ្លួនចេញពីទីក្រុងKherson ។ បន្ទាប់ពីការបរាជ័យដ៏ឈឺចាប់ជាបន្តបន្ទាប់នៅលើសមរភូមិ រុស្ស៊ីបានបង្កើនការវាយប្រហារក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅក្នុងទីក្រុង។ យោងតាមការលើកឡើងរបស់ប្រធានាធិបតី Zelensky ត្រឹមតែមួយខែចុងក្រោយនេះ ស្ថានីយថាមពលមួយភាគបីរបស់ប្រទេសត្រូវបានបំផ្លាញ ។
ក្នុងពេលនេះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា កងកម្លាំងអ៊ុយក្រែនអាចនឹងវាយដណ្ដើមយកតំបន់ Kherson ដែលជាតំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ស្ថិតនៅភាគខាងត្បូងនៃប្រទេសពីកងទ័ព
រុស្ស៉ីមកវិញ។
ការកត់សម្គាល់ខាងលើរបស់លោក អូស្ទីន ធ្វើឡើងនៅចំពេលដែលក្រុមមន្ត្រីលើកបន្តុបដោយរុស្ស៉ី នៅក្នុងតំបន់ខឺសុន បាននិយាយថាទីក្រុងមូស្គូទំនងជានឹងដកកងទ័ពរបស់ខ្លួនចេញពីច្រាំងខាងលិចនៃទន្លេឌីនីប្រូ (Dnipro) ដែលនេះជាសញ្ញាមួយនៃការដកថយ ប្រសិនបើព័ត៌មាននេះត្រូវបានទទួលស្គាល់ មែននោះ។
ប៉ុន្តែលោកអូស្ទីនមិនបានឆ្លើយតបទៅនឹងសំណួរថាតើកងកម្លាំងរុស្ស៉ីពិតជាកំពុងត្រៀមខ្លួនដកថយ ឬចាកចេញពីតំបន់ខឺសុន ឬយ៉ាងណានោះទេ ដោយគ្រាន់តែបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅឯមន្ទីរបញ្ចកោណនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា កងកម្លាំងអ៊ុយក្រែនមានសមត្ថភាពវាយដណ្ដើមយកតំបន់ខឺសុនពីរុស្ស៉ីមកវិញ។ «ជុំវិបញ្ហាថាតើកងកម្លាំងអ៊ុយក្រែនអាចវាយយកទឹកដី ដែលនៅសេសសល់នៃច្រាំងខាងលិចទន្លេឌីនីប្រូ និងក្នុងតំបន់ខឺសុន មកវិញ ដែរឬក៏យ៉ាងណា ខ្ញុំជឿជាក់ថាពួកគេមានសមត្ថភាពអាចធ្វើបាន»។ នេះជាការបញ្ជាក់របស់លោក អូស្ទីន៕
ដោយ៖ ធីរីណា(រូបថត ៖ BBC)