ព័ត៌មានទាន់ហេតុការណ៍៖

ឆេះក្លិបរាត្រីនៅរុស្ស៊ី ស្លាប់និងរបួស ២០នាក់

ចែករំលែក៖

គ្រោះអគ្គិភ័យកើតឡើងនៅក្លិបរាត្រីនិងភោជនីយដ្ឋាន Poligon ក្នុងទីក្រុង Kostroma បណ្តាលឱ្យមនុស្ស១៥នាក់ស្លាប់ និង៥នាក់រងរបួសធ្ងន់ ។
បណ្តាញព័ត៌មាន Sputnik នៅថ្ងៃទី៥ខែវិច្ឆិកា បានផ្សាយថា ភ្លើងឆាបឆេះនៅយប់ថ្ងៃទី៤ខែវិច្ឆិកា នៅក្លិបនិងភោជនីយដ្ឋាន Poligon ក្រោយមកក៏បានឆេះរាលដាលក្នុងតំបន់បរិវេណ៣៥០០ម៉ែត្រក្រឡា។ តាមការប្រកាសរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្នបានឱ្យដឹងថា មានមនុស្ស២៥០នាក់ត្រូវបានជម្លៀសចេញពីអគារដែលមានដំបូលបាក់ស្រុតដោយសារតែគ្រោះអគ្គិភ័យ។
តាមសារព័ត៌មាន AP បានដកស្រង់ការប្រកាសរបស់មន្ត្រីក្នុងទីក្រុង Kostroma ដែលបានឱ្យដឹងថា មានបុគ្គលប្រើប្រាស់កាំភ្លើងបាញ់កាំជ្រួចក្នុងវិវាទមួយទើបបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើង ។
ទីក្រុង Kostroma គឺជាទីក្រុងឆ្នេរសមុទ្រ មានពលរដ្ឋជិត៣សែននាក់រស់នៅ មានចម្ងាយពីរដ្ឋធានីមូស្គូប្រមាណ៣៤០គីឡូម៉ែត្រនៅភាគខាងជើង ។
នេះមិនមែនជាលើកទីមួយឡើយដែលគេបាញ់កាំជ្រួចបង្កឱ្យមានគ្រោះអគ្គិភ័យសម្លាប់មនុស្សនៅរុស្ស៊ីនោះ ។

កាលពីឆ្នាំ២០០៩ មានពលរដ្ឋ១៥០នាក់ស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះក្លិបរាត្រី Lame Horse ក្នុងទីក្រុង Perm ដោយសារតែការបាញ់កាំជ្រួច ៕ ដោយ ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖