ការស៊ុតបាល់ប៉េណាល់ទីពីកីឡាករបម្រុង Erling Haaland បានធ្វើឱ្យក្រុមមេឃខៀវ Manchester City ឈ្នះ ២–១ យ៉ាងអស្ចារ្យលើក្រុម Fulham កាលពីរាត្រីថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកាដែលជាជ័យជម្នះបានបញ្ជូនក្រុមជើងឯកមួយនេះត្រឡប់ទៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League បណ្តោះអាសន្ន។ជាមួយនឹងការស៊ុតបញ្ចូលទីនាំមុខ Haaland ត្រូវបានគេចាត់ទុកថា សមល្មមសម្រាប់កៅអីបម្រុង បន្ទាប់ពីខកខានការប្រកួតពីរលើកមុនរបស់ ManCity ដោយសាររបួស។ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez បានជួយក្រុមនាំមុខគូប្រកួតនៅនាទីទី១៧។ ក្រុមម្ចាស់ផ្ទះគិតថាពួកគេបាននាំមុខ២គ្រាប់យ៉ាងលឿនតាមរយៈកីឡាករ John Stones ប៉ុន្តែត្រូវ Rodri បិទនៅក្នុងការបង្កើតឱកាស ហើយក្រុម Fulham បានវាយបកវិញរហូតបានបាល់ពិន័យប៉េណាល់ទីនៅនាទីទី២៦។ខ្សែការពារ Joao Cancelo របស់ Man City ត្រូវបានផ្តល់កាតក្រហមដោយការប៉ះគ្នាជាមួយកីឡាករ Harry Wilson ខណៈដែលអតីតខ្សែបម្រើ Manchester United កីឡាករ Andreas Pereira ជាអ្នកទទួលរ៉ាប់រងស៊ុតបាល់ប៉េណាល់ទីឲ្យក្រុម Fulham តាមស្មើនៅតង់ទី១។
ក្រុមម្ចាស់ផ្ទះ Man City បានបន្តគ្រប់គ្រងបាល់ ទោះបីជាមានការបាត់បង់សមាជិកម្នាក់ក៏ដោយ។ Haaland ត្រូវបានគេនាំចូលនៅតង់ទី២ ហើយគិតយ៉ាងឆាប់រហ័សថាគាត់បានស្ដារការនាំមុខក្រុមរបស់គាត់ឡើងវិញបន្ទាប់ពីសម្លឹងមើលការតែតបាល់បញ្ចូលទីមួយគ្រាប់ ប៉ុន្តែអាជ្ញាកណ្តាលបានឆែកមើល VAR ក៏មិនអនុញ្ញាតឲ្យមានគ្រាប់បាល់ចូលដែរ។
ការប្រកួតក្នុងម៉ោងបន្ថែម៥នាទីមុនចប់ការប្រកួតក្រុម Man City បានធ្វើអស់ពីសមត្ថភាពរហូតដល់ខ្សែបម្រើ Kevin De Bruyne ត្រូវបានកីឡាករក្រុម Fullham ធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ហើយអាជ្ញាកណ្តាលក៏បានផ្តល់ប៉េណាល់ទី១គ្រាប់ ដែលជាការស៊ុតបាល់ពិន័យនេះដោយ Haaland នៅនាទីទី៩០+៥ ជួយក្រុមនៅ Etihad Stadium ទទួលបាន៣ពិន្ទុបន្ថែមទៀតឡើងឈរកំពូលតារាងដោយឈ្នះក្រុមលេខ២ Arsenal ១ពិន្ទុ ខណៈដែល Fulham ឈរនៅលេខរៀងទី៨។លទ្ធផលនេះប្រសិនបើក្រុមកាំភ្លើងធំ Arsenal យកឈ្នះ Chelsea នៅរាត្រីនេះនោះនឹងឡើងទៅកាន់កំពូលតារាងវិញ ប៉ុន្តែប្រសិនបើក្រុមកាំភ្លើងធំចាញ់ ឬស្មើនោះនឹងឈរក្នុងចំណាត់ថ្នាក់លេខ២ជាមិនខាន ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)