ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ច​ត្រួតពិនិត្យ និងផាកពិន័យ យានយន្តចំនួន ១៣៦គ្រឿង​ នាថ្ងៃទី០៦ ខែវិច្ឆិកានេះ!

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃ​អាទិត្យ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖ កម្លាំង​នគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣៦គ្រឿង​ នាថ្ងៃទី០៦ ខែវិច្ឆិកានេះ។ ក្នុងនោះមានម៉ូតូ ១២៦គ្រឿង និងរថយន្ត ១០គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា​ គិតថ្ងៃទី០៦ ខែវិច្ឆិកា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣៥,៦៥៨គ្រឿង ក្នុងនោះមានម៉ូតូ ១០៨,៩៥២គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៦,៧០៦គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញា អត់ប័ណ្ណបើកបរ ខ្សែក្រវ៉ាត់ អាជីវកម្ម ល្មើសល្បឿន ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។

ដោយឡែក​ នៅថ្ងៃទី០៦ ខែវិច្ឆិកានេះដែរ ករណី​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៧លើក ក្នុងនោះស្លាប់ចំនួន ០៥នាក់ របួសចំនួន ០៥នាក់ (របួសធ្ងន់ ចំនួន ០៤នាក់)។ រយៈពេល៣១០ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៥៣៤លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៤៧៣នាក់ របួស ៣,៤៧៤នាក់ (របួសធ្ងន់ ២,២០០នាក់)។ 

ជាមួយគ្នានោះ​ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖