ភ្នំពេញ ៖ តបតាមការយាងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។
ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេ ដារូស្សាឡាម នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។
ព្រះចៅស៊ុលតង់ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងមានកិច្ចប្រជុំកំពូលទ្វេភាគី នៅវិមានសន្តិភាព នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់មកនឹងយាង/អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី។
ព្រះចៅស៊ុលតង់ នៃព្រុយណេដារូស្សាឡាម ក៏នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ប្រព្រឹត្ត ទៅស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនង ការទូត នៅក្នុងឆ្នាំនេះ៕
ដោយ : សិលា