ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​

ចែករំលែក៖

  ​ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​ ក្នុងចំណោម​បក្ខពួក​២នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ដោយប្រេីដុំថ្មវាយប្រហារជនរងគ្រោះម្នាក់​ រួចព្យាយាមរត់គេចខ្លួនបាត់ពីរថ្ងៃ។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​គរបាលជាតិ​ នៅព្រឹកថ្ងៃអង្គារទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់នាយ​ឧត្តមសេនីយ៍​ សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ចង្អុលបង្ហាញ​ដឹកនាំ​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍ឯក​ ង៉េ​ង​ ជួ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នៅ​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៧​និង​២០​នាទី​ លោក​ឧត្តមសេនីយ៍ត្រី​ ខេ​ង​ ម៉េ​ង​ឈាង​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ចាត់​លោក​វរសេនីយ៍ទោ​ ជា​ សិ​ដ្ឋ​ជ័យ​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​ ដឹកនាំ​កម្លាំង​ជំនាញ​ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​ នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ភី​ ភាព​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​បេតុង​ ភូមិ​ចាក់​ជ្រូក​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ នៅ​ត្រង់​ចំណុច​តារាង​បាល់ទះ​ ភូមិ​ត្រពាំង​ជ្រៃ​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ដើម្បី​យក​មក​ធ្វើការ​សាកសួរ​ ចំណែក​ឈ្មោះ​ វាសនា​ កំពុង​គេចខ្លួន​។​

​គួរ​រំលឹក​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥​និង​៥០​នាទី​ ឈ្មោះ​ ភី​ ភាព​ បាន​បើក​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០២១​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1IX-5321​ ឌុ​ប​ឈ្មោះ​ វាសនា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ អាសយដ្ឋាន​ ភូមិ​ចាក់​ជ្រូក​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មក​ចំណុច​រោងចក្រ​អប្សរា​ សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ ក្រោយមក​នៅ​វេលា​ម៉ោង​១៦:១០​នាទី​ ឈ្មោះ​ ភី​ ភាព​ ក៏​បានឃើញ​ជនរ​គ្រោះ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជិះ​ម៉ូត​ម៉ាក​ ហុងដា​ប៊ីត​ ពណ៌​ខៀវ​ មិន​ចាំ​ផ្លា​ក​លេខ​ នៅ​ចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ម្តុំ​ស្ពាន​អាកាស​ចោម​ចៅ​ ឈ្មោះ​ ភី​ ភាព​ ក៏​បាន​បើក​ម៉ូតូ​តាម​ទៅ​ខាងឆ្វេង​ដៃ​ជន​រង​គ្រោះ​ រួច​ធាក់​ម៉ូតូ​បុរស​ម្នាក់​បណ្តាល​ឲ្យ​ដួល​ ហើយ​ឈ្មោះ​ វាសនា​ ក៏​បាន​ធ្វើ​សកម្ម​ភាព​យក​ដុំ​ថ្ម​បេតុង​ ទំហំ​១០​ស​.​ម​ គប់​ទៅ​លើ​ជន​រង​គ្រោះ​ ប៉ុន្តែ​គប់​មិន​ត្រូវ​ ដោយសារ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ ឈ្មោះ​ ភី​ ភាព​ និង​ឈ្មោះ​ វាសនា​ នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ ។​ 

​បច្ចុប្បន្ន​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​នាំ​ជនសង្ស័យ​ខាងលើ​នេះ​ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​០៨​ ខែវិច្ឆិកា​នេះ​ ដេីម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ និងស្វែងរកបក្ខពួកម្នាក់ទៀតតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕

ដោយ​៖សហការី​


ចែករំលែក៖