ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បា​ឱ្យដឹងនៅយប់ថ្ងៃទី០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២ម្សិលមិញនេះថា៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបកស្រាយបំភ្លឺជូនសាធារណជន ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ​ Nhom Phearom ដែលបានបង្ហោះផ្សព្វផ្សាយ មានខ្លឹមសារថា “ថ្ងៃឈប់សម្រាកបុណ្យអុំទូកនាំគ្នាទៅលេងស្រុកមកតាមផ្លូវតាខ្មៅ​ ត្រូវលោកប៉ូលីសចាប់ផាកពិន័យ​ ១០ម៉ឺនរៀលក្នុងម៉ូតូមួយគ្រឿង​ ម៉ូតូពួកខ្ញុំ​ មាន០៥គ្រឿង​ សរុបជាទឹកប្រាក់​ ៥០ម៉ឺនរៀល​ ខ្ញុំទទួលស្គាល់ថាពួកខ្ញុំខុស​ ជិះម៉ូតូបញ្រ្ចាស់ ប៉ុន្តែពួកខ្ញុំព្យាយាមសម្រួលជាមួយគាត់យ៉ាងណាក៏មិនព្រមដែរ​ ពួកខ្ញុំជាកម្មកររោងចក្រមានលុយឯណាអោយគាត់ផាកពិន័យដល់ទៅ​ ១០ម៉ឺននោះ​ ពួកខ្ញុំព្យាយាមនិយាយសម្រួលជាមួយគាត់យ៉ាងណា​ ក៏គាត់មិនព្រមដែរ​ បងប្អូនដែលមិនធ្លាប់ជិះកាត់ផ្លូវតាខ្មៅ​ ដូចជាពួកខ្ញុំជួយប្រយ័ត្នផង​ ជិះតាមផ្លូវហ្នឹងមក​ មេីលមិនដឹងថាផ្លូវនឹងបញ្រ្ចាសទេ​ មេីលមុខគាត់ទៅមិនលេីកលែងអោយអ្នកណាទាំងអស់​“ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាលោកអធិការនគរបាលក្រុងតាខ្មៅ ចំណាត់ការឆ្លើយតបបំភ្លឺករណីខាងលើ ។ 

ជាលទ្ធផល នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកាម្សិលមិញនេះ​ លោកអធិការ បានបញ្ជាឲ្យផ្នែកសេនាធិការ​ អញ្ជេីញមន្ត្រីផ្នែកចរាចរណ៍ដែលចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅខាងលើទាំងពីរនោះមកបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។

ផ្អែកតាមការបំភ្លឺពីលោកអនុសេនីយ៍ឯក​ សៀម​ ប៉ូច​ អត្តលេខ​៤០៤៧៤​ ជាមន្រ្តីផ្នែកចរាចរណ៍​ និងលោកអនុសេនីយ៍ឯក​ ឯម​ សុគន្ធ​ អត្តលេខ​ ៤០៤៧០​ ជាមន្រ្តីផ្នែកចរាចរណ៍​ បានឱ្យដឹងថា ៖ កាលពីថ្ងៃទី០៦​ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅត្រង់ចំណុចគោលដៅខាងកេីតសាលាខេត្តកណ្តាល​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ​២០៦​ ភូមិដេីមមៀន​ សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល បានឈរអនុវត្តច្បាប់ចរាចរណ៍ត្រង់ចំណុចគោលដៅខាងលើ ក្រោយមកក៏មានម៉ូតូចំនួន​ ០៥គ្រឿង​ បេីកបរបញ្រ្ចាសផ្លាកសញ្ញាហាមឃាត់ខុសច្បាប់ មាត្រា៦ថ្មី​ ចំណុច. ”ឋ” (បេីកបរមិនគោរពផ្លាកសញ្ញាហាមឃាត់​)​ ខណៈនោះលោកអនុសេនីយ៍ឯក​ សៀម​ ប៉ូច​ បានធ្វេីការឃាត់ម៉ូតូទាំងនោះ​ ដេីម្បីធ្វេីការណែនាំអប់រំពីច្បាប់ចរាចរណ៍​ និងផ្លាកសញ្ញាចរាចរណ៍ឱ្យគាត់បានយល់ពីគ្រោះថ្នាក់ផ្សេងៗ​ បន្ទាប់មកពួកគាត់ក៏បានសួរលោកអនុសេនីយ៍ឯក​ សៀម​ ប៉ូច​ ពីច្បាប់ត្រូវផាកពិន័យ​ ហេីយលោកក៏បានប្រាប់ទៅពួកគាត់វិញថា​ “តាមច្បាប់ចរាចរណ៍​ ចំពោះម៉ូតូដែលល្មេីសនឹងផ្លាកសញ្ញាហាមឃាត់​ត្រូវពិន័យជាទឹកប្រាក់ចំនួន​ ១០ម៉ឺនរៀល​“ អត់មានមួកសុវត្ថិភាព​ ត្រូវពិន័យចំនួន​ ៦ម៉ឺនរៀល​ ក្រោយពីធ្វេីការណែនាំរួចលោកអនុសេនីយ៍ឯក​ សៀម​ ប៉ូច​ បានឱ្យពួកគាត់ត្រឡប់ទៅក្រោយវិញ​ដោយមិនបានផាកពិន័យនោះទេ ។

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ សូមធ្វេីការបដិសេធទាំងស្រុងទៅលេីម្ចាស់គណនីហ្វេសប៊ុក​ Nhom Phearom ដែលបានបង្ហោះលេីបណ្តាញសង្គមថា​ មន្រ្តីផ្នែកចរាចរណ៍បានផាកពិន័យ​ ក្នុងម៉ូតូមួយគ្រឿង​ ១០ម៉ឺនរៀល​ មិនមែនជាការពិតឡេីយ ។​ អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាប​ និងកុំមានការភាន់ច្រឡំ ៕

ដោយ​៖ សហការី​


ចែករំលែក៖