ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា, ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងប្រទានភ្លើងជ័យ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ (៩វិចិ្ឆកាឆ្នាំ១៩៥៣-៩វិចិ្ឆកាឆ្នាំ២០២២)នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងឥស្សរជនជាតិជាន់ខ្ពស់ជាច្រើនទៀត បានចូលរួមកម្មវិធីនេះដែរ។ ប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតបណ្តាប្រទេសជាមិត្តជាច្រើនកុះករបានអញ្ជើញចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ និងខួប ៦៩ឆ្នាំ នៃការបង្កើត កងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យផងដែរ។
ព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ បុណ្យឯករាជ្យបានប្រារព្ធធ្វើឡើង ដើម្បីចងចាំជានិច្ចនូវព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីកិច្ចដើម្បីទាមទាឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕
ដោយ : សហការី