ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបានអនុម័តគម្រោងវិនិយោគ១៦១គម្រោង ក្នុងទុនប្រមាណ ៣.៥ពាន់លានដុល្លារ ក្នុងរយៈពេល១០ ខែឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក សុខ ចិន្តាសោភា បានថ្លែងក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា គម្រោងវិនិយោគដែលកម្ពុជាបានអនុម័តចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ ទាំង១៦១ គម្រោង ក្នុងនោះវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេ ដោយវិស័យឧស្សាហកម្មមានចំនួន ៤១,៥% និងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ៥១%។

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា បានបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ ២០២២នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៣.ពាន់លានដុល្លារអាមេរិក កើនឡើង ១៥គម្រោង និងទុនវិនិយោគកើនឡើងប្រមាណ ១.៣%។

លោក សុខ ចិន្តាសោភា បន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការងារវិនិយោគឯកជន បាននិងកំពុងបំពេញបេសក កម្មរបស់ខ្លួនយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ក្នុងគោលដៅបន្តទាក់ទាញវិនិយោគបន្ថែមទៀត តាមរយៈការចូលរួមរៀបចំ និងការអនុវត្តគោល នយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការធ្វើទំនើបកម្មលើការងារចុះបញ្ជីគម្រោងវិនិយោគ និងការរៀបចំយន្តការទាក់ទាញវិនិយោគចំគោលដៅ។

ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំ អនុក្រឹត្យស្ដីពីការ អនុវត្តច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយក៏កំពុងបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាក្របខណ្ឌគតិយុត្ត និងយន្តការផ្សេងៗទៀត។

លោក សុខ ចិន្តាសោភា បានថ្លែងទៀតថា «ចំពោះការដាក់ចេញយន្តការទាក់ទាញវិនិយោគចំគោលដៅក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដាក់ឱ្យដំណើរការ «តុវិនិយោគកសិ-ចំណីអាហារកម្ពុជា»ដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជាបន្ថែមមួយកម្រិតទៀត និងរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយាន យន្ត និងអេឡិចត្រូនិកដែលគ្រោងនឹងដាក់ជូនរាជ រដ្ឋាភិបាលដើម្បីពិនិត្យ និងអនុម័តនាបំណាច់ឆ្នាំ២០២២នេះ។»

លោកបន្ថែមថា ផែនទីបង្ហាញផ្លូវនេះ ត្រូវបានរំពឹងថានឹងចូលរួមចំណែកក្នុងការបង្កើនការផលិត និងការ នាំចេញផលិតផលក្នុងវិស័យទាំងពីរ បង្កើនចំនួនការងារ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការអនុវត្តប្រកបដោយភាពមុតស្រួច និងចំគោលដៅ។ វិធានការទាំងនេះ នឹងមិនត្រឹមតែចូលរួមដោះស្រាយបញ្ហាប្រឈមចម្បងៗមួយចំនួននៅក្នុងវិស័យទាំងពីរនេះប៉ុណ្ណោះទេ ថែមទាំងនឹងជួយធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍វិនិយោគក្នុងវិស័យដទៃទៀត ជាពិសេសក្នុងវិស័យដែលមានសកម្មភាពវិនិយោគស្ថិតនៅក្នុងខ្សែបណ្ដោយ តែមួយ ជាមួយនឹងវិស័យទាំងពីរ។

 វិធានការមួយក្នុងចំណោមវិធានការទាំង២០ នៃផែនទីបង្ហាញផ្លូវនេះ បានចង្អុលឱ្យបង្កើតយុទ្ធសាស្រ្តប្រទេសបូកដោយផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មនៃវិស័យទាំងពីរទៅខ្សែច្រវាក់ផលិតកម្មរបស់ប្រទេសជិតខាងដូចជាប្រទេសវៀតណាម និងប្រទេសថៃ។

យោងតាមអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា កាលពីឆ្នាំ២០២០ ពេលដែលរំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅក្នុងពិភពលោករួមទាំងតំបន់អាស៊ាន មានការធ្លាក់ចុះយ៉ាងគំហុក ក្នុងរង្វង់ ៣០-៣៥% ប៉ុន្តែកម្ពុជាថយចុះត្រឹមតែ១%ប៉ុណ្ណោះនិងនៅឆ្នាំ២០២១ ថយចុះប្រមាណ៣.៨%ដោយសារតែជំងឺកូវីដ១៩រីករាលដាលកាន់តែខ្លាំងនៅកម្ពុជា ដែលនាំឱ្យមានការដាក់ចេញនូវវិធានការរដ្ឋបាល វិធានការសុខាភិបាល ការរឹតបន្តឹងការធ្វើដំណើរ និងការផ្អាកសកម្មភាពសេដ្ឋកិច្ចមួយចំនួន ដែលជាហេតុធ្វើឱ្យរំហូរទុនវិនិយោគផ្ទាល់ពីបរទេសថយចុះនៅពេលនោះ ៕

ដោយ៖ សូរិយា


ចែករំលែក៖