ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងរក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងរក្សារទុក និងប្រើប្រាស់អាវុធខុសច្បាប់ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០នឹង០០នាទី ស្ថិតនៅចំណុចនៅភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃពុធទី០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ ជនសង្ស័យទី១-ឈ្មោះ នូ លីដា ហៅប្រុស ភេទប្រុស ជនជាតិខ្មែរ (ជាមុខសញ្ញាទើបចេញពីពន្ធនាគា), ទី២-ឈ្មោះ ចាន់ បញ្ញា, ទី៣-ឈ្មោះ ទូច បញ្ញា ហៅ ទូច, ទី៤-ឈ្មោះ ផេង សំណាង, ទី៥-ឈ្មោះ កាន រតនា ហៅ ហេង, ទី៦-ឈ្មោះ ឌឿន រតនា ហៅ ប៉ុណ្ណា (អ្នករើសបានអាវុធ)។

ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាង៖ អាវុធខ្លី កែច្នៃ ០១ដើម, ម៉ូតូធំ ០១គ្រឿង (មិនស្គាល់ម៉ាក)។

ពេលសមត្ថកិច្ចសួរនាំជនសង្ស័យខាងលើ បានសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចកាច់កម៉ូតូ កន្លងមក និងថ្មីៗនេះបានរៀបចំគំរោងធ្វើសកម្មភាពចេញលួចឬប្លន់ ជាមួយបក្ខពួកផ្សេងទៀត តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ ក្រោយមកឈានទៅដល់ការឃាត់បក្ខពួកចំនួន ០៥នាក់ ភេទប្រុស បន្ថែមទៀត យកមកសាកសួរ និងបន្តនីតិវិធី ។

បច្ចុប្បន្នមុខសញ្ញា និងវត្ថុតាង កម្លាំង​ជំនាញ​កំពុងសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់ ​៕

ដោយ​៖សហការី​


ចែករំលែក៖