ព័ត៌មានទាន់ហេតុការណ៍៖

សមិទ្ធផលមួយចំនួនកើតចេញពីទំនាក់ទំនងកម្ពុជា-ចិន! ក្នុងនោះចំនួន ១៣.៣លានដូសជាជំនួយរបស់ចិន ហើយចំនួន ២៨.៥លានដូស កម្ពុជា បានទិញពីប្រទេសចិន

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជា និងចិន បានភ្ជាប់ទំនាក់ទំនងមានរយៈពេលប្រមាណ ៦៤ឆ្នាំហើយ បើគិតនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតខ្ពស់។ រហូតដល់អោយឈ្មោះកម្ពុជា នយោបាយចិនតែមួយ ឬមិត្តដែកថែប ។ 

កម្ពុជា និងចិន តាមរយៈទំនាក់ទំនងកម្រិតកំពូលនេះ  បានបង្កើតនូវកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនទាំងលើផ្នែកនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ តាមរយៈទំនាក់ទំនងនេះ ធ្វើឱ្យមានការផ្លាស់ប្តូរនូវព្រះរាជដំណើរ និងដំណើរទស្សនកិច្ចជាញឹកញាប់រវាងប្រទេសទាំងពីរ។

តាមរបាយការណ៍កំណត់ត្រា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅប្រទេសចិនចំនួន២១លើក។ សម្តេចតេជោ អញ្ជើញទៅចិនចំនួន ១៤ដង។

ក្រៅតែពីមេដឹកនាំមុនៗទៅ មេដឹកនាំចិននាពេលបច្ចុប្បន្នសុទ្ធតែបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោក ស៊ី ជិនពីង អញ្ជើញទស្សនកិច្ចផ្លូវរដ្ឋនៅឆ្នាំ២០១៦, លោក លី ខឺឈាង ទស្សនកិច្ចផ្លូវការនៅឆ្នាំ២០១៨។ ទស្សនកិច្ចពេលនោះឯកសារចំនួន១៩ ត្រូវបានចុះហត្ថលេខា។ ឯកសារទាំងនោះពាក់ព័ន្ធសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, កសិកម្ម, ថាមពល និងសុខាភិបាល។

ក្រៅពីនោះរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់របស់ចិន បានអញ្ជើញមកកាន់កម្ពុជាជាញឹកញាប់ផងដែរ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។

ផ្តើមចេញពីទំនាក់ទំនងល្អនេះ ធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងចិន និងកម្ពុជាកាន់តែមានភាពរស់រវើក។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ​និងចិន សម្រេចបានប្រមាណជាង ១១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១ ហើយ ៩ខែ ឆ្នាំ២០២២ ជិត ៩ពាន់លានដុល្លារ។ ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ ប្រទេសទាំងពីរបានសម្រេចបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ហើយចូលជាធរមាននៅខែមករា ឆ្នាំ២០២២នេះ ដែលបើកលំហរពាណិជ្ជកម្មកាន់តែធំ។ ប្រទេសទាំងកំណត់គោលសម្រេចការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យបាន ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥។

ចិន បានក្លាយទៅជាទីផ្សារដ៏ធំសម្រាប់កម្ពុជា និងជាប្រទេសនាំអង្ករកម្ពុជាលំដាប់ទី១រយៈពេលប្រមាណ ៤ឆ្នាំមកហើយ។ នៅឆ្នាំ២០២០ ចិន នាំអង្ករកម្ពុជា ជិត ៣០ម៉ឺនតោន ឆ្នាំ២០២១ ជាង ៣០ម៉ឺនតោន ហើយ៩ខែ ឆ្នាំ២០២២នេះ នាំជាង ២០ម៉ឺនតោនហើយ។

ចិន ក៏ជាប្រទេសដែលបានដាក់ទុនវិនិយោគលំដាប់កំពូលនៅកម្ពុជាផងដែរ។ របាយការណ៍បង្ហាញថា ឆ្នាំ២០២០ ទុនវិនិយោគចិន នៅកម្ពុជាមានជាង ១.៦ពាន់លានដុល្លារ, ឆ្នាំ២០២១ មានជាង ២.៤ពាន់លានដុល្លារ ហើយ៩ខែ ឆ្នាំ២០២២ មានជាង ១.៥ពាន់លានដុល្លារ។

ចិន ក៏ជាប្រទេសដែលបានរួមចំណែកជួយកសាងធនធានមនុស្សនៅកម្ពុជាផងដែរ។ គិតពីឆ្នាំសិក្សា ២០១៨-២០១៩ ដល់ឆ្នាំសិក្សា ២០២២-២០២៣ ចិនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសរុប ៧៧៨នាក់។ ចិន ក៏បានប្រកាសបង្កើនចំនួនអារូបករណ៍ ដោយផ្តល់ប្រមាណ ៥០០នាក់ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់២០២៧។

ចិន ក៏បានរួមចំណែកផ្តល់ជំនួយ និងកម្ចីគ្មានការប្រាក់ជាច្រើនសម្រាប់ជួយអភិវឌ្ឍន៍នៅកម្ពុជា។ របាយការណ៍ បានបញ្ជាក់ថា គិតពីឆ្នាំ២០០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ចិន ផ្តល់កម្ចីគ្មានការប្រាក់ និងជំនួយជាង ២ពាន់លានដុល្លារដល់កម្ពុជា។

ឆ្នាំ២០០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ចិន បានផ្តល់កម្ចីជាង ៥ពាន់លានដុល្លារ។

ចិន ក៏ជាប្រទេស ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ចិន បានក្លាយទៅជាបង្អែកដ៏ចាំបាច់សម្រាប់ការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា។ ក្នុងនោះវ៉ាក់សាំងសរុបជិត ៤២លានដូស ដែលកម្ពុជាទទួលបានពីប្រទេសចិន។

ក្នុងនោះចំនួន ១៣.៣លានដូសជាជំនួយរបស់ចិន ហើយចំនួន ២៨.៥លានដូស កម្ពុជា បានទិញពីប្រទេសចិន។ 

សូមបញ្ជាក់ថា, នាយករដ្ឋមន្ត្រី លោក លី ឃឺឈាង បានចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅកម្ពុជាហើយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក លី បានធ្វើដំណើរមកដល់កម្ពុជាកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ម្សិលមិញ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

នារសៀលថ្ងៃទី៩ ខែវិច្ឆិកា នេះលោក លី ឃឺឈាង បានធ្វើដំណើរទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ និងចូលទៅគោរពវិញ្ញាណក្ខន្តព្រះបរមរតនកោដ្ឋនៅរូបសំណាក់ព្រះអង្គផងដែរនៅរាជធានីភ្នំពេញ មុននឹងធ្វើដំណើរមកជួបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាវិមានសន្ដិភាព។

នៅវិមានសន្ដិភាពលោក លី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់សម្ដេចតេជោ ហ៊ុន សែន មុននឹងមានជំនួបផ្លូវការមួយនៅទីនោះ ខណៈកិច្ចព្រមព្រៀងជិត២០ អាចនឹងត្រូវចុះហត្ថលេខារវាងភាគីទាំងពីរផងដែរ។

ក្នុងដំណើរទស្សនកិច្ចលើកនេះសម្ដេចតេជោ ហ៊ុន សែន និងលោក លី ឃឺឈាង និងធ្វើជាអធិបតីរួមគ្នាក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ផងដែរ៕

ដោយ : សិលា


ចែករំលែក៖