ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេស បញ្ជាក់ពីជំនួប សម្តេចតេជោ និងលោក ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម។ 

សេចក្ដីប្រកាសព័ត៌មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ឌីមីត្រូ គូលបា រដ្ឋមន្ត្រីការបរទស នៃប្រទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម។

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ឌីមី គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ក្នុងឱកាសដែល លោកអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីការសន្ទនាតាមទូរស័ព្ទជាមួយ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ និងបាន អះអាងសារជាថ្មីអំពីជំហរជាគោលការណ៍របស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយសហការជាមួយប្រទេសជប៉ុន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធ នឹងអាចស្វែងរកដំណោះ ស្រាយដោយសន្តិវិធីចំពោះសង្គ្រាម ដើម្បីឱ្យអ៊ុយក្រែនទទួលបានត្រលប់មកវិញនូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍។

លោក ឌីមីត គូលបា បានអបអរសាទរយ៉ាងកក់ក្ដៅក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធ ខួបលើកទី៦៩ នៃទិវាឯករាជ្យជាតិកម្ពុជានាថ្ងៃនេះ និងបានជម្រាបជូនថា លោក Volodymyr Zelensky អាចនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលអនាគត។ លោក ឌីមីត្រូ គូលេបា ក៏បានបញ្ជាក់សាជាថ្មីអំពីការអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅប្រទេស អ៊ុយក្រែនផងដែរ។

លោក ឌីមី គូលេបា បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជំហរដ៏រឹងមាំ និង គោលការណ៍របស់កម្ពុជាស្តីពីសង្គ្រាមនៅអ៊ុយក្រែន និងដើម្បីអនុញ្ញាតឱ្យប្រទេសរបស់របស់លោក ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេហ៍ (TAC) ។ លោកក៏បានអបអរសាទរយ៉ាងកក់ក្ដៅផងដែរចំពោះកម្ពុជា សម្រាប់ការធ្វើជាប្រធានអាស៊ានប្រកបដោយ ជោគជ័យក្នុងឆ្នាំ២០២២។ អ៊ុយក្រែនមានបំណងយ៉ាងមុតមាំក្នុងការក្លាយជាដៃគូសន្ទនាតាមវិស័យ របស់អាស៊ាន។ លោក បានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យកាន់តែធំធេងថែមទៀតក្នុងការ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប៉ុន្មាន ថ្ងៃខាងមុខនេះ។

លោក ឌីមី គូលេបា បានបញ្ជាក់សារជាថ្មីអំពីចេតនារបស់អ៊ុយក្រែនក្នុងការតែងតាំងឯកអគ្គ រដ្ឋទូតប្រចាំកម្ពុជាក្នុងពេលឆាប់ៗនេះ ហើយមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាពរវាង ប្រទេសទាំងពីរនឹងបន្តរីកចម្រើន។

លោក ឌីមីត្រូ គូលេបា ក៏នឹងមានជំនួបទ្វេភាគីផងដែរជាមួយសមភាគី ឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃបន្ទាប់ ៕

ដោយ : សិលា


ចែករំលែក៖