ភ្នំពេញ ៖ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលព័ត៌មានច្បាស់ការណ៍ហើយ ! ពាក្យថា, «កងសន្តិសុខអាមេរិក ព្រមានបាញ់ប្រសិនបើអ្នកណាលើកទូរស័ព្ទថតពេលក្បួនលោក ចូ បៃដិន នៅតាមផ្លូវ» មិនមែនព័ត៌មានផ្លូវការទេ ! នេះបើយោងតាម ទូរទស្សន៍ព័ត៌មាន BTV បានធ្វើការបកស្រាយ ក្រោយពីការចុះផ្សាយបានប៉ុន្មានម៉ោងក្រោយមក។
សូមបញ្ជាក់ថា, ទូរទស្សន៍ព័ត៌មាន BTV សូមអភ័យទោសចំពោះកំហុសឆ្គងក្នុងការចេញផ្សាយនូវខ្លឹមសារព័ត៌មានដែលមានចំណងជើងថា «កងសន្តិសុខអាមេរិក ព្រមានបាញ់ប្រសិនបើអ្នកណាលើកទូរស័ព្ទថតពេលក្បួនលោក ចូ បៃដិន នៅតាមផ្លូវ»។
ការផ្សាយព័ត៌មានលើប្រព័ន្ធអនឡាន (Website Facebook & Telegram) នៅរសៀលថ្ងៃទី ៩ វិច្ឆិកានេះ នាំឲ្យមានការយល់ច្រលំពីសាធារណៈជន និងអាចនាំឲ្យមានការបារម្ភអំពីបញ្ហានេះ ខណៈដែលពេលនេះសមត្ថកិច្ចគ្រប់ផ្នែកកំពុងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនគណៈប្រតិភូនានា ហើយក៏កំពុងមានការចូលរួមសហការយ៉ាងល្អប្រសើរពីសំណាក់អ្នកដំណើរ និងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
កំហុសឆ្គងខាងលើនេះដោយសារអ្នកយកព័ត៌មានរបស់ BTV ម្នាក់បានទទួលពីប្រភពមិនអាចយកជាការបាន(សម្លេងចែកចាយតៗគ្នា)តាមប្រព័ន្ធទំនាក់ទំនងសង្គម។ ម្យ៉ាងទៀតការពុំបានស្តាប់គ្រប់ជ្រុងជ្រោយ និងខ្វះការផ្ទៀងផ្ទាត់ជាមួយប្រធានអង្គភាព ឬស្ថាប័នមានសមត្ថកិច្ច ហើយសម្រេចបង្ហោះផ្សាយលឿនដោយពុំឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវពីអ្នកគ្រប់គ្រងការងារ គឺជាចំណុចដែលនាំឲ្យមានការសរសេរប្រាសចាកពីខ្លឹមសារដើម។
អាស្រ័យហេតុនេះ សូមសាធារណៈជនកុំមានការភ័ណ្ឌច្រឡំ។ ចំពោះប្រព័ន្ធផ្សព្វផ្សាយ(អនឡាញ)មួយចំនួន ស្នើបញ្ឈប់ការដកស្រង់ ឬយោងជាប្រភពព័ត៌មានសម្រាប់ផ្សព្វផ្សាយបន្ត។
សូមអរគុណ !
ដោយ : សុខ ខេមរា