ប្រទេសវៀតណាម ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយមេបញ្ជាការ ការិយាល័យប្រតិបត្តិការពិសេសលេខ៥ នៃកងទ័ពជើងគោកមីយ៉ាន់ម៉ា បានលើកទ្បើងថា កម្ពុជាចង់ឃើញមីយ៉ាន់ម៉ាអាចដោះស្រាយបាននូវបញ្ហាចំពោះមុខ នឹងឆាប់វិលទៅប្រក្រតីភាពទ្បើងវិញ។
សូមបញ្ជាក់ថា, នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង លោក ឧត្តមសេនីយ៍ឯក ថេត ផូន (Thet Pone) មេបញ្ជាការ ការិយាល័យប្រតិបត្តិការពិសេសលេខ៥ នៃកងទ័ពជើងគោកមីយ៉ាន់ម៉ា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកឧត្តមសេនីយ៍ឯក ថេត ផូន បានថ្លែងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយជ្រោមជ្រែងដល់ប្រទេសមីយ៉ាន់ម៉ាទាំងក្នុងការឧបត្ថម្ភសម្ភារបរិក្ខារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការជួយដោះស្រាយនូវបញ្ហាចំពោះមុខនានាក្នុងនាមជាប្រធានអាស៊ាន។ លោកមេបញ្ជាការ ការិយាល័យប្រតិបត្តិការពិសេសលេខ៥ នៃកងទ័ពជើងគោកមីយ៉ានម៉ា បានសម្តែងនូវការជឿជាក់ថា ប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា នឹងបន្តចំណងកិច្ចសហប្រតិបត្តិការដ៏ល្អតទៅទៀតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌតំបន់។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកទ្បើងថា កម្ពុជាចង់ឃើញមីយ៉ាន់ម៉ាអាចដោះស្រាយបាននូវបញ្ហាចំពោះមុខ នឹងឆាប់វិលទៅប្រក្រតីភាពទ្បើងវិញ។ ចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់ ៕
ដោយ : សិលា