ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តមណ្ឌលគិរីមានភ្ញៀវទេសចរ មកកម្សាន្តជាង៣ម៉ឺននាក់ រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២២

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញមួយ ក្នុងប្រទេសកម្ពុជា ជាពិសេស គិតត្រឹមរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧.០៨.០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ខេត្តមណ្ឌលគិរី បានទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរជាតិ-អន្តរជាតិ ឲ្យមកទស្សនាកម្សាន្តជាង ៣ម៉ឺននាក់ តួលេខនេះមានការថយចុះប្រហែល៣,៨៣% បើធៀបនិងបុណ្យអុំទូកឆ្នាំមុន ប៉ុន្តែបើប្រៀបផ្ទឹមជាមួយបុណ្យភ្ជុំបិណ្ឌទើបកន្លងផុតទៅថ្មីៗនេះ ជាសញ្ញាល្អប្រសើរ ព្រោះមានការកើនឡើងខ្ទង់ជាង ២ម៉ឺននាក់ឯណោះ។

លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានឲ្យដឹង អ្នកទេសចរប្រមាណជាង ៣ម៉ឺននាក់ ដែលចូលមកកម្សាន្តខេត្តមណ្ឌលគិរី ឱកាសបុណ្យអុំទូកនេះ ភាគ ច្រើនជាភ្ញៀវជាតិ ក្នុងនោះភ្ញៀវជាតិមានរហូតដល់ទៅ ៣១,៤៧៧នាក់ ថយចុះ ៤% រីឯភ្ញៀវបរទេសមានប្រមាណ ២១៥នាក់ប៉ុណ្ណោះ កើនឡើង២៧,៩៧%។

 លោក ងិន សុវិមាន អភិបាលរងខេត្តឲ្យដឹងទៀតថា ប៉ុន្មានថ្ងៃនៃឱកាសបុណ្យអុំទូក នៅតាមតំបន់ទេសចរណ៍ទូទាំងខេត្ត មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។ ទន្ទឹមនេះ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានរៀបចំតុបតែងភ្លើងលម្អតាមទីសាធារណៈ ការតុបតែង ស្តង់ពិព័រណ៍លក់ផលិតផលទំនិញគ្រប់ប្រភេទ ការប្រគុំតន្រ្តីកំសាន្ត ពិធីបណ្តែតប្រទីប និងមានការបាញ់កាំជ្រួច នៅទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ដើម្បីញ៉ាំងឱ្យកម្មវិធីមានភាពសប្បាយរីករាយក្រៃលែង តាមទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ។ 

លោកអភិបាលរងខេត្តបញ្ជាក់ថា ភាពស្រស់ស្អាត់ទាំង អស់នេះ គឺកើតចេញពីការយកចិត្តទុកដាក់ពី សំណាក់លោកថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងសហការី អាជីវករ យុវជន ប្រជាពលរដ្ឋ និងមានការចូលរួមពីភ្ញៀវទេសជាតិ អន្តរជាតិ ក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនេះផងដែរ។

អ្នកទេសចរបានលើកសរសើរអំពីបរិយាសកាសព្រៃភ្នំនៅខេត្តមណ្ឌលគិរី ពិតជាទាក់ទាញ និងស្អាតប្លែកពីបណ្ដាខេត្តផ្សេងទៀត ជាពិសេស បានរៀបចំតុបតែងភ្លើងលម្អ ស្តង់ពិព័រណ៍លក់ផលិតផលគ្រប់ប្រភេទ ការប្រគុំតន្រ្តីកំសាន្ត ពិធីបណ្តែតប្រទីប និងមានការបាញ់ កាំជ្រួច នៅទំនប់សែនសុខដុម ដែលខេត្តមណ្ឌលគិរី មិនធ្លាប់មានពីមុនមក។ ប៉ុន្តែទោះជា យ៉ាងណាក៏បានកត់សម្គាល់ឃើញភ្ញៀវទេសចរមួយ ចំនួនតូច មិនបានគិតគូរពីការចូលរួមលើបញ្ហាអនាម័យ ដោយមិនបានវិចខ្ចប់ ឬចោលសំរាមឲ្យបានត្រឹមត្រូវ តាមតំបន់ទេសចរណ៍ ដែលចំណុចនេះជារឿងមិនល្អសោះ។ 

គួរបញ្ជាក់ដែរថា ត្បិតខេត្តមណ្ឌលគិរី ក្នុងព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ គិតត្រឹម៣ថ្ងៃ ចំនួនអ្នកទេសចរមានការថយចុះតិចតួចក្ដី ប៉ុន្តែធាតុពិតអ្នកទេសចរបានសម្រុកចូលមកកម្សាន្តខេត្តមណ្ឌលគិរីតាំងពីមុនថ្ងៃបុណ្យអុំទូកមកដល់ ពោល គឺភ្ញៀវអញ្ជើញមកកម្សាន្តចាប់តាំងពីថ្ងៃទី០៥.០៦ វិច្ឆិកា ដែលជាថ្ងៃចុងសប្ដាហ៍ ហើយកន្លែងស្នាក់នៅ ពិសេស រីស៊ត ដែលមានទេសភាពស្អាតៗ ក្នុងខេត្ត ត្រូវបានភ្ញៀវទេសចរកក់បន្ទប់តាំងពីមុនបុណ្យអុំទូក ១ខែមកម្ល៉េះ៕

ដោយ៖ សូរិយា


ចែករំលែក៖