ប្រទេសថៃ៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋខ្មែរចំនួន ១០នាក់បានរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃ ខណៈដែលពលរដ្ឋខ្មែរជាភ្ញៀវទេសចរទាំងនោះ វិលត្រឡប់ចេញពីទីក្រុងបាងកក ក្នុងទិសដៅទៅកាន់ខេត្តស្រះកែវ ដើម្បីឆ្លងមកកម្ពុជាវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១រសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ តាមបណ្តោយផ្លូវលេខ ៣៥៩ (អារញ្ញ-បាងកក) ក្នុងខេត្តប្រាជីនបុរី ដែលបង្កឡើងដោយខ្លួនឯង គឺរថយន្តទួរីស ពាក់ស្លាកលេខ បាងកក ១៦-១៧៩១ បើកបរដោយជនជាតិថៃ (បានរងរបួសធ្ងន់)។
បើតាមអ្នកបើកបររថយន្តដែលជាជនជាតិថៃខាងលើ បានបញ្ជាក់ថា ខ្លួនបានម៉ៅដឹកភ្ញៀវទេសចរខ្មែរទាំង ១០នាក់ ត្រឡប់មកពីទីក្រុងបាងកកឆ្ពោះមកកាន់ខេត្តស្រះកែវ ដោយដឹកចេញនៅវេលាម៉ោង១០ព្រឹកថ្ងៃខែឆ្នាំដដែល។ លុះមកដល់ត្រង់ចំណុចខាងលើ ស្រាប់តែកង់រថយន្តខាង មុខ(ខាងឆ្វេង) បានផ្ទុះឡើងបណ្តាលឱ្យរថយន្តរេចង្កូតធ្លាក់ចេញពីផ្លូវទៅបុកនឹងដើមប្រេងខ្យល់បាក់ជិត ២០ដើម។
បច្ចុប្បន្នទាំងអ្នកបើកបរ និងភ្ញៀវទេសចរខ្មែរ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តប្រាជីនបុរី ប៉ុន្តែមិនមានអ្នករងគ្រោះដល់បាត់បង់អាយុជីវិតឡើយ ៕
ដោយ៖ សូរិយា