ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានឱ្យដឹងថាមានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចផ្សារកំពង់ប្រណាក ស្ថិតក្នុងភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីយប់ម៉ោង២០:៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ បណ្ដាលឱ្យឆេះខូចខាតផ្ទះចំនួន០៤ខ្នង និងតូបផ្សារ ចំនួន០៥តូប តែមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់ឡេីយ។
ក្រោមការឈរបញ្ជាផ្ទាល់ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានជំរុញឱ្យកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះធ្វើអន្តរាគមន៍ទប់ស្កាត់ពន្លត់ភ្លេីងរហូតរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង២២:១៥នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង។
រហូតមកដល់ពេលនេះ មូលហេតុនៃការឆេះកម្លាំងជំនាញកំពុងស្រាវជ្រាវនៅឡើយ មិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយ ៕
ដោយ ៖ សិលា