ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ទោះបីការរាតត្បាតជំងឺកូវីដ-១៩ រយៈពេល ៣ឆ្នាំ អាស៊ានបានឈ្នះលើការគំរាមកំហែងជាសកល ប៉ុន្តែសេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោកនៅតែមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ ដែលទាមទារឱ្យអាស៊ានត្រូវរួមគ្នាសម្រេចបាននូវការកសាងសហគមន៍អាស៊ានប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ គឺវាបរិយាបន្ន។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ បានលើកឡើងថា ថ្វីត្បិតមានបញ្ហាប្រឈមកន្លងមកអាស៊ានបានរៀបចំនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហគមន៍សង្គម-វប្បធម៌អាស៊ាន សេដ្ឋកិច្ច ការពារជាតិ និងរដ្ឋមន្ត្រីផ្សេងទៀត ជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្ត។ សម្តេចបន្តថា ទាំងនេះបង្ហាញពីសាមគ្គីភាពទៅកាន់ពហុភាគីនិយម ភាពចាស់ទុំក្នុងទំនាក់ទំនងការទូតរបស់អាស៊ាន និងការប្តេជ្ញាចិត្តដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌សម្រាប់ប្រជាជនគ្រប់គ្នា ។
ប្រធានអាស៊ានបានលើកឡើងថា ខណៈពិភពលោកបានឆ្លងកាត់វិបត្តិកូវីដ-១៩ ជិត៣ឆ្នាំ អាស៊ាននៅតែសម្រេចបានជោគជ័យក្នុងការស្ដារឡើងវិញនូវសកម្មភាពសង្គម និងសេដ្ឋកិច្ច ដោយផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីខែតុលា កន្លងទៅរដ្ឋសមាជិកអាស៊ាននីមួយៗនឹងទទួលបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមានហើយតំបន់អាស៊ានទាំងមូល កំណើនអាចសម្រេចបានកំណើនក្នុងអត្រា ៥,៣ភាគរយ និង៤,៩ភាគរយ ក្នុងឆ្នាំ២០២២ និង២០២៣។ ការព្យាករនេះ ជាអត្រាខ្ពស់ ប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៃសកលលោក ។
តែយ៉ាងណានាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ស្ថានភាពសង្គម និងសេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ ដែលអាស៊ានត្រូវរួមគ្នាប្រុងប្រយ័ត្ន និងរួមគ្នាដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន។
សម្ដេចតេជោបានថ្លែងថា៖ «យើងធ្វើដំណើរទៅមុខ យើងមិនត្រូវភ្លេច ត្រូវនូវអតីតកាល និងគុណតម្លៃ ដែលយើងបានកសាង និងថែរក្សានោះទេ។ ខ្ញុំជឿជាក់ថា បាវចនារបស់យើង “អាស៊ាន ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ” នៅតែមានគុណតម្លៃពិតប្រាកនាពេលនេះ»។
សម្តេចបានលើកឡើងថា អាស៊ានត្រូវផ្តោតលើគោលបំណងរួមនៃការអភិវឌ្ឍរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាព។
នាយកមន្ត្រីកម្ពុជាបាននិយាយថា៖ «ទំនាក់ទំនងរបស់យើងទាំងអស់គ្នា មិនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែតាមរយៈការប្រឹងប្រែង ការប្ដេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ។ យើងត្រូវថែរក្សានិងដឹងគុណដល់អ្វីៗដែលយើងបានកសាង។ ដូចជា រក្សាឯកភាព សាមគ្គីភាព និងមភាពរបស់យើង គឺជាអាទិភាពចម្បងបំផុត ដើម្បីធានាឱ្យតំបន់យើងមានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែល អាចកើតមាននាពេលអនាគត»។
នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផឹកផ្លូវការសម្តេចថា, ប្រមុខដឹកនាំអាស៊ាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ។
សម្តេចតេជោថ្លែងបញ្ជាក់ថា, ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា៖ យើងទាំងអស់គ្នា ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិត របស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងបានឯកភាពថា៖
១៖ ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។
២៖ ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។
៣៖ បង្កើតជាផែនទីបង្ហាញផ្លូវ ផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍ នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្តម្ភ របស់អាស៊ាន និងបានប្រគល់ភារកិច្ច ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។
៤៖ ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រ ដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផល ដែលបានកំណត់ទាំងនោះ តាមរយៈការ កសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ៕
ដោយ : សុខ ខេមរា