ភ្នំពេញ ៖ នៅវេលាម៉ោង១៖០០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា, កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ។ ដោយឡែកព្រះមហាក្សត្រកម្ពុជា ព្រះបរមរាជានុញ្ញាត ជូននាយករដ្ឋមន្ត្រីប្រជាមានិត្យ ចិនចូលក្រាបថ្វាយបង្គំគាល់ នៅវេលាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ជូន លោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់។
ករណីមួយទៀត ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណា លើលទ្ធផល នៃបេសកកម្មស្វែងរកការពិតរបស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងបានឯកភាពថា៖
1. ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។
2. ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្ដេចូលរួម ក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។
3. បង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជា សមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេរួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែល កំណត់ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្ដម្ភរបស់អាស៊ាន និងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក្នុងការបង្កើតផែនទីបង្ហាញ ផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូល អាស៊ានលើកទី៤២។
4. ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្ដល់ការគាំទ្រដោយពេញលេញ ចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំង នោះ តាមរយៈការ កសាងសមត្ថភាព និងផ្ដល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ ៕
ដោយ : សុខ ខេមរា