ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រកម្ពុជា ព្រះបរមរាជានុញ្ញាត ជូននាយករដ្ឋមន្ត្រីចិនចូលក្រាបថ្វាយបង្គំគាល់

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ជូន លោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់។

សូមបញ្ជាក់ថា, សម្ដេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ នេះ បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១៨ និងការសម្ពោធជានិមិត្តរូប ផ្លូវវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ផងដែរ។ឯកសារទាំង១៨ នោះរួមមាន៖

១-កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ ។

២-កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ (ស្ពន់-កំពង់ចាម) ។

៣-លិខិតប្រគល់-ទទួល គម្រោងរៀបចំផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។

៤-អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកសិកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន។

៥-វិញ្ញាបនបត្រប្រគល់-ទទួល សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។

៦-វិញ្ញាបនបត្រប្រគល់-ទទួលគម្រោង ស្តីពីការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនប្រយុទ្ធនឹងជំងឺកូវីដ-១៩ មកកម្ពុជា។

៧-វិញ្ញាបនបត្រប្រគល់-ទទួលសម្ភារៈបន្ទាន់សម្រាប់ផ្គត់ផ្គង់ និងគាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន។

៨-វិញ្ញាបនបតប្រគល់-ទទួលគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។

៩-អនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ នៅកម្ពុជា។

១០-កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

១១-អនុស្សារណៈនៃការយោគយល់គ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ។

១២-កិច្ចព្រមព្រៀងនៃការផ្តល់ជំនួយវ៉ាក់សាំងសត្វ។

១៣-ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។ 

១៤-ពិធីសារស្តីពីលក្ខខណ្ឌតម្រូវការត្រួតពិនិត្យ ចត្តាឡីស័ក និងអនាម័យសត្វ សម្រាប់ផលិតផលជលផលធម្មជាតិ នាំចេញពីប្រទេសកម្ពុជាទៅ កាន់ប្រទេសចិន។

១៥-កិច្ចព្រមព្រៀង ស្តីពីការទប់ស្កាត់ការលួច ការជីកកកាយ និងការនាំចេញ និងនាំចូលសម្បត្តិវប្បធម៌ដោយខុសច្បាប់។

១៦-កិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលឱសថបុរាណចិនកម្ពុជា-ចិន។

១៧-អនុស្សារណៈយោគយល់គ្នាស្តីពីការផ្តល់ឧបករណ៍ និងមធ្យោបាយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។

១៨-វិញ្ញាបនបត្រប្រគល់ទទួលសម្រាប់គម្រោងការងារវិស្វកម្ម គាំទ្រការធ្វើឱ្យ ប្រសើរឡើងជីវភាពប្រជាពលរដ្ឋ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។

ក្រៅពីចុះហត្ថលេខានេះក៏មានពិធីសម្ពោធជានិមិត្តរូបចំនួន៣ផងដែរ ដែលធ្វើឡើងក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ក្នុងនោះមានដូចជា៖

១-ពិធីសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿន រាជ ធានីភ្នំពេញ-ក្រុងព្រះសីហនុ !

២-តំបន់គម្រោងបង្ហាញការបញ្ចេញកាបូនិច ខេត្តព្រះសីហនុ!

៣-វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា៕

ដោយ : សុខ ខេមរា


ចែករំលែក៖