ភ្នំពេញ៖ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមុននេះបន្ទាប់ពីកញ្ញាឯកចក្រវាឡកម្ពុជា ២០១៨ កញ្ញា រឿនណាត បានបញ្ចេញសារដ៏ក្តៅគគុកដ៏កម្រមួយ ដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់ម្ចាស់គណនីយហ្វេសប៊ុកមួយដែលបានកាត់តរូបនាង និងប្រើប្រាស់ប្រាស់ឈ្មោះនាងក្នុងន័យផ្សព្វផ្សាយលក់ផលិតផលសម្រស់ ។ ករណីនេះត្រូវបានគេដឹងថាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស នាងក៏ដូចជាទីផ្សារការងារនាងផងដែរ និងបង្កើតឲ្យមានការយល់ច្រឡំមួយចំនួន។
តារាបង្ហាញម៉ូត និងជាតារាសម្តែង រូបនេះ បានបង្ហោះសារបែបព្រមាន លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា “បើសិនជាម្ចាស់page បានឃើញ postញុម shareនឹង ជួយមេត្តាលុបរូបខ្ញុំ នឹង ឈ្មោះនាងខ្ញុំ លុបអីដែលពាក់ព័ន្ធជាមួយផលិតផលនឹង ព្រោះ ខ្ញុំអត់បានប្រើផលិតផលនឹង ហើយក៏មិនមែនជាអ្នកលក់ផលិតផលនឹងផងដែរ បើសិនជា អត់លុបទេ ខ្ញុំនឹង ចាត់វិធានការតាមផ្លូវច្បាប់ “។ សារនេះត្រូវបានបញ្ចេញអមដោយការចែករំលែកគណនីយហ្វេសប៊ុក មួយដែលបានយកឈ្មោះនាងទៅប្រើមានឈ្មោះថា” Ms. Rern Nat” ដែលក្រោយពីគណនីយហ្វេសប៊ុកផេកមួយនេះបានកាត់តរូបនាងកាន់ផលិតផល ម៉ាស់តែបៃតងមួយប្រភេទអមដោយសារដ៏វែង ដោយបានលើកឡើងថាមុខនាងមានបញ្ហា និងបានប្រើប្រាស់មុនពេលចូលប្រឡងបវរកញ្ញា ដោយបានបញ្ជាក់ទាំងមានការប្រូម៉ូសិនពិសេសសម្រាប់អតិថិជនខ្លួនទៅវិញ”។ ជាមួយគ្នានេះផងដែរកញ្ញា រឿន ណាត ក៏បានបញ្ជាក់ដែរថា នាងបានព្យាយាមទំនាក់ទំនងតាមឆាតទៅកាន់គណនីយខាងលើប៉ុន្តែត្រូវបាន គណនីយនោះBlock នាងចោលថែមទៀតផង ខណៈដែលអ្នកគាំទ្រនាងជាច្រើនបានស្នើកុំឲ្យមានការចុចលើLinkនោះដើម្បីជៀសវាងការចាញ់បោក។ គេនៅរង់ចាំតាមដានបន្តទៀតថាតើករណីនេះនឹងទៅជាយ៉ាងណា ។ ខណៈដែលគេសង្កេតឃើញផងដែរថា គណនីយខាងលើទើបនឹងបង្កើតថ្មីបានចំនួន២ថ្ងៃមុននេះប៉ុណ្ណោះ ទាំងចំនូន Like និងFollowគណនីយនោះមានចំនួនតិចនៅឡើយដែរដែលគេអាចកក់សម្គាល់ថាមិនមែនជាគណនីយរបស់កញ្ញា រឿនណាតនោះដែរ។ ទោះជាយ៉ាងណាកន្លងទៅក៏មានករណីស្រដៀងគ្នានេះបានកើតមានឡើងលើសិល្បករផង ដែលករណីខ្លះបាននាំឲ្យប៉ះពាល់ដល់កិត្តិយស និងទីផ្សារការងាររបស់ពួកគេថែមទៀតផង។
ចុងក្រោយនេះដែរនាងបានស្នើឲ្យអ្នកគាំទ្រធ្វើការReport នូវគណនីយហ្វេសប៊ុកខាងលើចោលដើម្បីបញ្ចប់ការយល់ច្រឡំ និងប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់នាងផងដែរ ក្នុងនោះមានអ្នកគាំទ្រនាងជាច្រើនបានគាំទ្រ និងស្នើឲ្យនាងចាត់វិធានការតាមផ្លូវច្បាប់ជាការព្រមានផងដែរ ៕
ដោយ ៖ វឌ្ឍនា