ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំអាស៊ានបូកបី (APT)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូល អាស៊ានបូកបី (APT) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។ 

នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសអាស៊ានបូកបី (APT) ដែលមានសមាជិកអាស៊ានទាំង១០ បូកប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានរបស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់ ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងនយោបាយ។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ការជួបជុំនៅថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេ នៃថ្នាក់ដឹកនាំប្រទេសអាស៊ានបូកបី និងការពង្រឹង ក៏ដូចជាកាន់តែស៉ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏លំបាកនានា ក្នុងក្របខណ្ឌតំបន់ និងសកល។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជាការពិតប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អាស៊ានបូកបី តែងតែប្រកាន់ខ្ជាប់ស្មារតីរួបរួមគ្នាជានិច្ច។ មកដល់ថ្ងៃនេះ ភាគជោគជ័យ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ានបូកបី បានមកពីការខិតខំប្រឹងប្រែងឥតឈប់ឈរពីការប្រតិបត្តិការជិតស្និទ្ធ និងសាមគ្គីភាពដ៏រឹងមាំរបស់យើង។

សូមបញ្ជាក់ថា ដំណើរការកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី (APT) បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ១៩៩៧ ហើយចាប់តាំងពីពេលនោះមកបានវិវឌ្ឍជាយន្តការដ៏សំខាន់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៉ីបូព៌ាឆ្ពោះទៅរកគោលដៅរយៈពេលវែង នៃការកសាងសហគមន៍អាស៉ីបូព៌ា ដោយមានអាស៊ានជាកម្លាំងចលករ។ 

អាស៊ានបូកបី បានក្លាយជាក្របខណ្ឌកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយបំផុតមួយនៅក្នុងតំបន់ ហើយកិច្ចសហប្រតិបត្តិការ អាស៊ានបូកបីត្រូវបានពង្រីក និងស៉ីជម្រៅលើវិស័យជាច្រើន រួមទាំងផ្នែកនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម និងការវិនិយោគ ហិរញ្ញវត្ថុ ថាមពល ទេសចរណ៍ កសិកម្ម និងព្រៃឈើ បរិស្ថាន ការអប់រំ សុខភាព វប្បធម៌ និងសិល្បៈ ជាដើម៕

ដោយ : សុខ ខេមរា


ចែករំលែក៖